(តូរ៉ុនតូ)៖ កាណាដាបានចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ជាលើកដំបូងនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងជើង) ក្នុងនាមជាប្រទេសដំបូងៗគេនៅក្នុងពិភពលោក ដែលបានអនុញ្ញាតឲ្យមានការប្រើវ៉ាក់សាំងក្នុងករណីបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល COVID-19។ ប្រទេសនេះក៏បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុននានា ច្រើនលើសពីតម្រូវការជាក់ស្តែងផងដែរ ប៉ុន្តែវ៉ាក់សាំងដែលលើសនឹងត្រូវចែកចាយ ទៅកាន់បណ្តាប្រទេសក្រីក្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC នៅរសៀលថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។

បុគ្គលិកជួរមុខចំនួន ០៥នាក់នៅក្នុងខេត្ត អនតារីយ៉ូ (Ontario) ស្ថិតក្នុងចំណោមជនជាតិកាណាដាដំបូងគេបង្អស់ ដែលទទួលបានវ៉ាក់សាំងនៅឯមន្ទីរពេទ្យមួយកន្លែង។ លោកស្រី អានីតា ឃ្វីដេងជិន (Anita Quidangen) បុគ្គលិកជំនួយការផ្ទាល់ខ្លួន ដែលបន្តធ្វើការចាប់តាំងពីជំងឺរាតត្បាត COVID-19 ផ្ទុះឡើងនៅឯមណ្ឌលថែទាំមួយកន្លែង នៅក្នុងទីក្រុងតូរ៉ុនតូ បានទទួលវ៉ាក់សាំងមុនគេបង្អស់នៅក្នុងខេត្ត Ontario។

បញ្ហាប្រឈមនៅក្នុងប្រទេសកាណាដា គឺការស្លាប់របស់ប្រជាជនវ័យចំណាស់ នៅក្នុងមណ្ឌលថែទាំរយៈពេលវែង។ រហូតមកទល់ពេលនេះ ប្រទេសអាមេរិកខាងជើងមួយនេះ បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបចំនួន ៤៦៨,៨៦២នាក់ក្នុងនោះមនុស្សច្រើនជាង ១៣,៥៥៣នាក់បានស្លាប់នៅទូទាំងប្រទេស។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកាណាដាបានកែសម្រួលកិច្ចសន្យាជាមួយក្រុមហ៊ុន Pfizer/BioNTech ក្នុងគោលបំណងដើម្បីទទួលបានវ៉ាក់សាំង ២៤៩,០០០ដូសនៅក្នុងខែធ្នូនេះ។ ទោះជាយ៉ាងណាក៏ដោយ ជនជាតិកាណាដាភាគច្រើនត្រូវរង់ចាំជាច្រើនខែទៀត ដើម្បីទទួលបានវ៉ាក់សាំង។ ជុំវិញបញ្ហានេះ ប្រទេសកាណាដាបានកត់សម្គាល់ថា យើងកំពុងដោះស្រាយជាមួយការប្រកួតប្រជែង ដែលមិនគួរឲ្យជឿនៅជុំវិញពិភពលោក ដើម្បីទទួលបានវ៉ាក់សាំង COVID-19។

គួរបញ្ជាក់ថា ប្រទេសកាណាដាបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ០៦ផ្សេងទៀត ហើយបច្ចុប្បន្ននេះក៏កំពុងពិនិត្យឡើងវិញ នូវបេក្ខភាពវ៉ាក់សាំងចំនួន ០៣ ក្នុងនោះក៏មានវ៉ាក់សាំងរបស់ក្រុមហ៊ុន ម៉ូឌែណា (Moderna) ផងដែរ ដោយមន្ត្រីសុខាភិបាលកាណាដាបានបង្ហាញទំនុកចិត្តថា វាអាចនឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងពេលឆាប់ៗនេះ។ រដ្ឋាភិបាលកាណាដាបានបញ្ជាទិញវ៉ាក់សាំង ក្នុងបរិមាណជាមធ្យម ១០ដូស សម្រាប់មនុស្សម្នាក់ ពោលគឺច្រើនជាងតម្រូវការរបស់ប្រជាជនកាណាដាទៅទៀត។ ជុំវិញរឿងនេះ រដ្ឋាភិបាលកាណាដាបានអះអាងរួចហើយថា ខ្លួនគ្រោងបរិច្ចាគវ៉ាក់សាំងដែលលើសទាំងអស់ ទៅឲ្យបណ្តាប្រទេសក្រីក្រ៕