(ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា គ្រាន់តែ ២៤ម៉ោងកន្លងទៅ អាល្លឺម៉ង់បានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ២០,២០០ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ១,៣២០,៧១៦នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។

ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង អាល្លឺម៉ង់ក៏បានរកឃើញករណីស្លាប់ថ្មីចំនួន ៣២១នាក់ទៀតផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនដល់ ២១,៧៨៧នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ន អាល្លឺម៉ង់ កំពុងអនុវត្តវិធានការបិទប្រទេសមួយផ្នែក សម្រាប់រយៈពេល៦សប្ដាហ៍ ដោយតម្រូវឱ្យបារ ក្លឹបរាត្រី និងភោជនីយដ្ឋាន ត្រូវបិទទា្វរ ស្របពេលសាលារៀន និងហាងទំនិញខ្លះ នៅតែបន្តបើកទ្វារដដែល រហូតដល់ថ្ងៃទី ២០ ខែធ្នូ៕