(ហ្សាការតា)៖ រដ្ឋធានីហ្សាការតា (Jakarta) នៃប្រទេសឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថា នឹងជៀសផុតពីបញ្ហាទឹកជំនន់ ដែលតែងតែកើតមានឡើងជារៀងឆ្នាំ ខណៈទំនប់ទប់ទឹកធំៗចំនួន ០២ កំពុងស្ថិតក្នុងការសាងសង់នៅតំបន់ សៀវី (Ciawi) និង ស៊ូកាម៉ាហ៊ី (Sukamahi) នៃទីក្រុងបូហ្គ័រ (Bogor) ខេត្តជ្វា (Java)។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០។

ស្ទើរតែរាល់រដូវវស្សា រដ្ឋធានីហ្សាកាតាត្រូវបានទឹកជន់លិច មិនត្រឹមតែដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានទឹកជំនន់ជន់លិចនោះទេ ប៉ុន្តែវាក៏ត្រូវបានជន់លិចដោយសារទឹកភ្លៀង ដែលហូរចុះពីទីក្រុង Bogor ផងដែរ។ នៅសប្តាហ៍នេះ ទីក្រុងហ្សាកាតា, ទីក្រុងបូហ្គ័រ, និងតំបន់នៅជុំវិញនោះ មានភ្លៀងធ្លាក់ខ្លាំងរយៈពេលពីរថ្ងៃហើយ ដែលបានបង្កឱ្យមានទឹកជំនន់ ជន់លិចលំនៅឋានរាប់រយខ្នង បន្ទាប់ពីទឹកទន្លេស៊ីលីវឹង (Ciliwung) ដែលស្ថិតនៅផ្នែកខាងលើនៃទន្លេ Bogor បានហូរហៀរចេញមក។

អភិបាលរដ្ឋធានីហ្សាការតា លោក អានីស បាសវីដេន (Anies Baswedan) នាពេលថ្មីៗនេះ បានលើកឡើងថា លោកនឹងពឹងផ្អែកលើទំនប់ទាំង ២ ដែលស្ថិតនៅតំបន់ Ciawi និង Sukamahi ដើម្បីទប់ទឹកជំនន់ដែលហូរកាត់ទន្លេ Ciliwung ដែលស្ថិតនៅក្នុងឆកសមុទ្រហ្សាការតា។ លោក Anies Baswedan បានបញ្ជាក់បន្ថែមថា «យើងទទួលបានទឹកពីផ្នែកខាងលើ ក្រោយពេលដែលមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះអ្វីដែលយើងត្រូវធ្វើ គឺត្រូវសាងសង់ទំនប់ទប់ទឹកនេះ។ ប្រសិនបើទំនប់ទាំង ២ ខាងលើនេះត្រូវបានសាងសង់រួចរាល់ នោះទឹកភ្លៀងដែលហូរចុះពីទីក្រុង Bogor អាចនឹងត្រូវទប់ស្កាត់បានខ្លះ...»

គួរបញ្ជាក់ថា ការសាងសង់ទំនប់ទប់ទឹកនៅតំបន់ Sukamahi និង Ciawi ដែលជាផ្នែកមួយនៃផែនការគ្រប់គ្រងទឹកជំនន់ នៅរដ្ឋធានីហ្សាកាតា ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២១ ខាងមុខនេះ៕