(តេហេរ៉ង់)៖ អាជ្ញាធរអ៉ីរ៉ង់នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រហារជីវិតសកម្មជនប្រឆាំងដ៏ល្បីឈ្មោះម្នាក់ឈ្មោះ រូហូលឡាហ៍ ហ្សាំ (Ruhollah Zam) ដែលធ្លាប់រស់នៅបែបនិរទេសខ្លួនក្នុងប្រទេសបារាំង។ នេះបើតាមការចេញផ្សាយ ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលត្រូវបានដកស្រង់ដោយ CNA នៅរសៀលថ្ងៃសៅរ៍នេះ។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានចេញផ្សាយថា ទណ្ឌិត Zam ត្រូវបានប្រហារជីវិតដោយការព្យួរកហើយ នៅព្រឹកថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងតេហេរ៉ង់) ក្រោយពីតុលាការកំពូល នៃប្រទេសអ៉ីស្លាមមួយនេះ បានផ្តន្ទាទោសប្រហារជីវិតសកម្មជនប្រឆាំងម្នាក់នេះ ពីបទប្រព្រឹត្តទង្វើប្រឆាំងនឹង សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់។ ក្រុមអ្នកការពារសិទ្ធិមនុស្សរបស់បារាំង ក៏បានប្រកាសថ្កោលទោសទៅលើសេចក្តីសម្រេច របស់តុលាការកំពូលអ៉ីរ៉ង់កាលណោះផងដែរ។

គួរបញ្ជាក់ថា នៅក្នុងការផ្តន្ទាទោសទៅលើលោក Ruhollah Zam ពីបទប្រឆាំងសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់នោះរួមមាន «ការប្រព្រឹត្តអំពីពុករលួយលើផែនដី» ដែលជាទោសកម្រិតធ្ងន់បំផុតនៅប្រទេសអ៉ីរ៉ង់។ លោក Zam ក៏ត្រូវបានអ៉ីរ៉ង់អះអាងផងដែរថា បានធ្វើចារកម្មឲ្យបារាំង និងលួចមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ព្រមទាំងបានបំផុសឲ្យមានបាតុកម្មកាលពីឆ្នាំ២០១៧ ដែលបានផ្តាច់ជីវិតមនុស្ស ២៧នាក់៕