(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់តាមរយៈព័ត៌មាន ដែលទទួលបានពីកូរ៉េខាងជើងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសអាស៊ីបូព៌ាមួយនេះនៅតែ «គ្មានករណីឆ្លងជំងឺ COVID-19 សូម្បីតែមួយករណីឡើយ» គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២០ ខណៈមនុស្សសរុបជាង ៩,០០០នាក់រួចទៅហើយត្រូវបានធ្វើតេស្ត។ នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០។

គិតចាប់តាំងពីករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ផ្ទុះឡើងខ្លាំងក្លានៅទូទាំងពិភពលោក កូរ៉េខាងជើងត្រូវបានគេមើលឃើញថា បានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ក្នុងនោះក៏មានការរាយការណ៍ថា ការធ្វើតេស្តចត្តាឡីស័កនៅកូរ៉េខាងជើង គឺមានរយៈពេលរហូតដល់ទៅ ៣០ថ្ងៃឯណោះ ខណៈនៅតាមបណ្តាប្រទេសនានាគឺត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។ បើតាមប្រភពព័ត៌មានពីកូរ៉េខាងជើង គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ប្រទេសនេះបានធ្វើតេស្តរក COVID-19 លើមនុស្សសរុប ៩,៩៣៧នាក់ ស្របពេលដែលព្រំដែនគោក និងព្រំដែនទឹក បន្តស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានថ្លែងថា «វាគឺជារឿងដែលពិបាកជឿជាក់ខ្លាំងណាស់ថា កូរ៉េខាងជើងគ្មានករណីឆ្លង COVID-19 បើទោះបីជាប្រទេសនេះបានព្យាយាមគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ជំងឺនេះក៏ដោយ»។ ជាការឆ្លើយតប ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង (Kim Yo Jong) ដែលត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់មួយរូប នៃគណបក្សពលកររបស់កូរ៉េខាងជើង នោះបានលើកឡើងថា «វាបានបង្ហាញឲ្យឃើញនូវពាក្យសម្តី មិនសមហេតុផល ត្រូវបានធ្វើឡើងដោយលោកស្រី (រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង) ដែលខ្វះការពិចារណា និងអាចរុញច្រានឲ្យទំនាក់ទំនងកូរ៉េទាំងពីរ កាន់តែយ៉ាងយ៉ឺនបន្ថែមទៀត។ យើងនឹងមិនបំភ្លេច ពាក្យសម្តីរបស់លោកស្រីជាដាច់ខាត ហើយលោកស្រីនឹងត្រូវតបស្នង យ៉ាងសក្តិសមវិញចំពោះរឿងនេះ»