(រ៉ូម)៖ ក្រុមអ្នកស្រាវជ្រាវមកពីអ៉ីតាលី និងកាណាដាបានរកឃើញថា ក្មេងប្រុសអ៉ីតាលីម្នាក់អាយុ ០៤ឆ្មាំ បានឆ្លងវីរុសកូរ៉ូណា (COVID-19) កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រការនេះមានន័យថា មានអ្នកឆ្លងជំងឺ COVID-19 នៅរយៈពេលបីខែមុនពេលដែលករណីឆ្លងដំបូង ត្រូវបានរាយការណ៍នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០។

យោងតាមលទ្ធផលសិក្សាស្រាវជ្រាវខាងលើ ដែលត្រូវបានចេញផ្សាយដោយមជ្ឈមណ្ឌល់គ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) សំណាកដែលត្រូវបានយកចេញពីក្មេងប្រុសអាយុ ០៤ឆ្នាំរស់នៅទីក្រុង មីឡាន (Milan) ប្រទេសអ៉ីតាលី កាលពីខែធ្នូ ឆ្នាំ២០១៩ នោះពិតជាមានផ្ទុកវីរុសកូរ៉ូណា។ ក្មេងប្រុសដែលមិនធ្លាប់មានប្រវត្តិ ធ្វើដំណើរទៅបរទេសរូបនេះត្រូវបានគេដឹងថា បានកើតមានអការៈក្អក និងក្តៅខ្លួនតាំងតែពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបន្ទាប់មកក៏ឈានដល់ក្អួត និងទន់ខ្លួន។ ដំបូងឡើយក្រុមជំនាញវេជ្ជសាស្ត្រនៅទីនោះបានសង្ស័យថា ក្មេងប្រុសរូបនោះកើតជំងឺកញ្ជ្រិល ប៉ុន្តែក្រោយការធ្វើតេស្តរួច ក៏បានចេញលទ្ធផលអវិជ្ជមាន។

គួរបញ្ជាក់ថា តាមរយៈការសិក្សា និងរកឃើញភស្តុតាងជាបន្តបន្ទាប់ ក្រុមអ្នកវិទ្យាសាស្ត្រលោកខាងលិចបានជឿជាក់ថា ជំងឺរាតត្បាតសកល COVID-19 បានចាប់ផ្តើមរាតនៅតំបន់អឺរ៉ុប តាំងតែពីចុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ២០១៩ មកម្ល៉េះ (ចុងខែវិច្ឆិកា)។ អ៉ីតាលីក៏ស្ថិតនៅក្នុងចំណោមប្រទេស ដែលបាននិងកំពុងទទួលរងការវាយប្រហារដោយជំងឺ COVID-19 ធ្ងន់ធ្ងរបំផុតផងដែរ ក្រោយពីការប្រកាសរកឃើញករណីឆ្លងដំបូង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០៕