(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានច្រានចោលពាក្យបណ្តឹងរបស់រដ្ឋតិចសាស់ ដែលមានការគាំទ្រដោយផ្ទាល់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ឲ្យលុបចោលលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋចំនួន ០៤ នោះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសាលក្រមតុលាការបានកត់សម្គាល់ថា បណ្តឹងរបស់រដ្ឋតិចសាល់ ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ ចរជា (Georgia), មីឈីហ្គែន (Michigan), ភែនស៊ីលវេនៀ (Pennsylvania) និង វីសខុនសិន (Wisconsin) គឺមិនមានជំហរផ្លូវច្បាប់នោះទេ។ លាលក្រមដដែលបានបញ្ជាក់ទៀតថា តាមនីតិវិធីរបស់តុលាការ រដ្ឋតិចសាល់មិនអាចប្តឹងរដ្ឋផ្សេងៗទៀត ជុំវិញរបៀបដែលពួកគេរៀបចំការបោះឆ្នោតបានឡើយ។

គួរបញ្ជាក់ថា រដ្ឋទាំង ០៤ខាងលើនេះក៏បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ ដើម្បីស្នើសុំឲ្យតុលាការច្រានចោលពាក្យបណ្តឹង ដែលពួកគេចាត់ទុកថា ជារឿងមិនសមហេតុផល និងគ្មានមូលដ្ឋានផ្លូវច្បាប់។ បណ្តឹងខាងលើ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោតដោយក្រុមយុទ្ធនាការ និងក្រុមអ្នកគាំទ្រលោក ត្រាំ ដែលកន្លងមកបានទទួលបរាជ័យ នៅក្នុងតុលាការជាច្រើនលើកមកហើយ៕