(ឡុងដ៍)៖ និយ័តករឱសថនៃចក្រភពអង់គ្លេស បានចេញសារព្រមានមួយថា អ្នកដែលធ្លាប់មានប្រវត្តិជួបបញ្ហាប្រតិកម្ម ឬអាលែកហ្ស៊ី មិនគួរទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech នោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Sky News នាល្ងាចថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

ការប្រកាសរបស់អាជ្ញាធរសុខាភិបាលអង់គ្លេសខាងលើនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីបុគ្គលិកសុខាភិបាល (NHS) របស់ខ្លួនចំនួន ០២នាក់ ដែលបានទទួលការចាក់វ៉ាក់សាំងកាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានជួបអការៈអាលែកហ្ស៊ី ប៉ុន្តែត្រូវបានគេជឿជាក់ថា បាននិងកំពុងធូរស្រាលឡើវិញជាបណ្តើរៗហើយ។

ជុំវិញបញ្ហាខាងលើនេះ សាស្ត្រាចារ្យ ស្ទេហ្វិន ផូវីស (Stephen Powis) ដែលជានាយកផ្នែកវេជ្ជសាស្ត្រជាតិជាតិអង់គ្លេស បានលើកឡើងថា «ឆ្លើយតបចំពោះវ៉ាក់សាំងថ្មីនេះ យើងបានផ្តល់ការណែនាំជាមូលដ្ឋាន ដល់អ្នកដែលធ្លាប់មានប្រវត្តិរងប្រតិកម្មអាលែកហ្ស៊ី មិនគួរទាន់ទៅទទួលការចាក់វ៉ាក់សាំង (COVID-19) នោះឡើយ បន្ទាប់ពីមនុស្សពីរនាក់ដែលធ្លាប់មានអការៈនេះ បានជួបប្រទះបញ្ហាកាលពីម្សិលមិញ (ក្រោយពីបានចាក់វ៉ាក់សាំង)។ អ្នកទាំងពីរកំពុងតែធូរស្រាលឡើងវិញហើយ»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានក្លាយជា ប្រទេសដំបូងគេលើលោក ដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech កាលពីសប្តាហ៍មុន និងបានចាប់ផ្តើមយុទ្ធនាការចាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ។ បុគ្គលិកសុខាភិបាលអង់គ្លេស (NHS) និងមនុស្សមានវ័យចាស់ជរា គឺស្ថិតនៅក្នុងគោលដៅអាទិភាព នៃការទទួលបានវ៉ាក់សាំងនេះមុនគេ៕