(ប៉ារីស)៖ ទីភ្នាក់ងារសម្របសម្រួលប៉ូលិសអន្តរជាតិ Interpol បានព្រមាននៅថ្ងៃពុធនេះថា បណ្តាញឧក្រិដ្ឋកម្ម កំពុងដាក់គោលដៅលើវ៉ាក់សាំង COVID-19 ហើយអាចនឹងរកវិធីសាស្ត្រដើម្បីលក់វ៉ាក់សាំងក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

ប៉ូលិសអន្តរជាតិ Interpol ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសបារាំង បាននិយាយថា ខ្លួនបានចេញសេចក្តីជូនដំណឹងជាសកល ទៅកាន់អ្នកអនុវត្តច្បាប់នៅទូទាំងប្រទេសជាសមាជិកចំនួន ១៩៤ របស់ខ្លួន ដោយព្រមានពួកគេ ឲ្យត្រៀមខ្លួនសម្រាប់បណ្តាញ ឧក្រិដ្ឋកម្ម ដែលកំពុងដាក់គោលដៅលើវ៉ាក់សាំង COVID-19 ដោយផ្ទាល់ ឬតាមអនឡាញ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Juergen ដែលជាអគ្គលេខាធិការ Interpol បានលើកឡើងយ៉ាងដូច្នេះថា«នៅពេលដែលរដ្ឋាភិបាលកំពុងមមាញឹកក្នុងការរៀបចំវ៉ាក់សាំង អង្គការឧក្រិដ្ឋកម្មនានាគ្រោងនឹងជ្រៀតជ្រែតឬរំខានដល់ចង្វាក់ផ្គត់ផ្គង់។ បណ្តាញឧក្រិដ្ឋកម្មទាំងនោះទៀតសោត ក៏នឹងផ្តោតលើការវាយប្រហារតាមរយៈការបង្កើតគេហទំព័រក្លែងក្លាយ និងការព្យាបាលក្លែងក្លាយផងដែរ ដែលអាចបង្កហានិភ័យយ៉ាងខ្លាំង ដល់សុខភាពរបស់ប្រជាជន៕