(តូក្យូ)៖ ក្រសួងកសិកម្មជប៉ុន បាននិយាយនៅថ្ងៃអង្គារនេះថា ជំងឺផ្តាសាយបក្សី ត្រូវបានគេរកឃើញក្នុងខេត្តទី៤ហើយនៃប្រទេសជប៉ុន ខណៈរលក នៃការចម្លងរោគនៅកសិដ្ឋានបសុបក្សី មានស្ថានភាពអាក្រក់បំផុតនៅក្នុងប្រទេសដីកោះមួយនេះ អស់រយៈពេលជាង៤ឆ្នាំមកនេះ។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងកសិកម្មជប៉ុន បានគូសបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ជំងឺផ្តាសាយបក្សី (Avian influenza) ត្រូវបានគេរកឃើញនៅកសិដ្ឋាន ចិញ្ចឹមសត្វមាន់មួយកន្លែង នៅក្រុង Hyuga នៃខេត្តមីយ៉ាហ្សាគិ (Miyazaki) ដែលស្ថិតនៅលើកោះហុងស៊ូ (Honshu) ភាគនិរតីប្រទេសជប៉ុន។

ជុំវិញបញ្ហាខាងលើនេះ សត្វមាន់ចំនួន ៤០,០០០ក្បាល នៅឯកសិដ្ឋាន Miyazaki នឹងត្រូវយកទៅសម្លាប់ និងកប់ចោល ហើយការធ្វើដំណើរចេញចូលក្នុង បរិវេណប្រហែល ០៣គីឡូម៉ែត្រជុំវិញកសិដ្ឋាននោះ នឹងត្រូវរឹតត្បិតផងដែរ។

គួរបញ្ជាក់ថា ការផ្ទុះជំងឺផ្តាសាយបក្សីចុងក្រោយរបស់ប្រទេសជប៉ុន គឺកាលពីខែមករា ឆ្នាំ២០១៨ នៅខេត្ត Kagawa ដែលពេលនោះសត្វមាន់ចំនួន ៩១,០០០ក្បាលត្រូវបានសម្លាប់។ ចំណែកឯ ការផ្ទុះជំងឺផ្ដាសាយបក្សីទ្រង់ទ្រាយធំចុងក្រោយ គឺកាលពីចន្លោះពីវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ ដែលសត្វមាន់សរុបចំនួន ១.៦៧លានក្បាលត្រូវបានសម្លាប់ ដោយសារតែជំងឺផ្តាសាយបក្សី H5N6៕