(ប្រ៊ីសប៊ែន)៖ ក្រុមអ្នកពន្លត់អគ្គីភ័យអូស្ត្រាលី កំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំមួយ ដែលបានបំផ្លាញជាង ៤០ភាគរយនៃផ្ទៃដីព្រៃឈើរបស់កោះ ហ្វ្រេសឺ (Fraser) ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ (UNESCO) ខណៈរលកកម្តៅកំពុងវាយប្រហារប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២០។

ភ្លើងឆេះព្រៃនៅលើកោះខ្សាច់ដ៏ធំជាងគេបំផុត ស្ថិតនៅភាគខាងកើតនៃប្រទេសអូស្រ្តាលី បានបន្តឆាបឆេះអស់រយៈពេលជាង ៦សប្តាហ៍មកហើយ និងបានលេបត្របាក់ព្រៃក្រាស់ៗជាច្រើន នៅលើកោះនោះផងដែរ។ សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងឡើងដល់ ៣៤អង្សាសេនៅថ្ងៃចន្ទនេះ ខណៈដែលរលកកម្តៅបានសាយភាយពាសពេញតំបន់ ដោយបង្កឲ្យមានការព្រួយបារម្ភថា វានឹងបង្កើនឥទ្ធិពលភ្លើងឆេះព្រៃ កាន់តែខ្លាំងក្លាជាងនេះ។

អ្នកគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់ លោក ចេម ហេក (James Haig) បានថ្លែងប្រាប់សារព័ត៌មាន AFP យ៉ាងដូច្នេះថា ស្ថានភាពស្ងួតហួតហែងនៅលើកោះ Fraser បានធ្វើឲ្យការឆាបឆេះកាន់តែងាយស្រួល។ ក្រុមអ្នកពន្លត់អគ្គីភ័យមិនត្រឹមតែប្រយុទ្ធ នឹងលក្ខខណ្ឌអាកាសធាតុអាក្រក់ប៉ុណ្ណោះទេ តែក៏កំពុងប្រឈមនឹងភាពរាំងស្ទះ មិនអាចចូលទៅដល់តំបន់ភ្លើងឆេះ នៅតំបន់ដាច់ស្រយាលភាគខាងជើងនៃកោះផងដែរ។

លោក Haig បានបន្ថែមទៀតថា យន្តហោះទម្លាក់ទឹកធំចំនួន ១០គ្រឿង ត្រូវបានបញ្ជាឲ្យធ្វើប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនេះ ក្នុងនោះមានខ្លះត្រូវបានប្រើ ដើម្បីការពារតំបន់វប្បធម៌នៅលើកោះនោះ។ យន្តហោះបានទម្លាក់ទឹកប្រហែល ២៥០,០០០លីត្រកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទោះជាយ៉ាងនេះក្តី លោក Haig បានកត់សម្គាល់ថា កិច្ចប្រឹងប្រែងទាំងនេះ មិនទំនងជាអាចគ្រប់គ្រងភ្លើងឆេះព្រៃបានឡើយ ប៉ុន្តែគ្រាន់តែអាចបន្ថយល្បឿនរបស់វាតែប៉ុណ្ណោះ។

អាជ្ញាធរឧទ្យានជាតិ និងសេវាកម្មសត្វព្រៃឃ្វីនស៍លែន (Queensland) បានគូសបញ្ជាក់ថា អគ្គីភ័យកំពុងឆាបឆេះនៅលើផ្ទៃដីទំហំ ៧៤,០០០ហិកតាស្មើនឹង ៤២ ភាគរយនៃផ្ទៃកោះទាំងមូល ប៉ុន្តែមិនបានគំរាមកំហែង ដល់ទ្រព្យសម្បត្តិនានានៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ អណ្តាតភ្លើងបានឆាបឆេះកាន់តែជិត លំនៅឋានរបស់ពលរដ្ឋក្នុងតំបន់ ប្រការនេះហើយទើបនាពេលថ្មីៗនេះ អាជ្ញាធរបានហាមឃាត់ភ្ញៀវទេសចរថ្មីៗ មិនឲ្យដំណើរទៅកាន់កោះ ដែលជាទីសម្រាកលំហែកាយដ៏ពេញនិយម ក៏ដូចជាការហាមឃាត់សេវាកម្មដឹកជញ្ជូនតាមសាឡង់ រហូតដល់មានការជូនដំណឹងបន្ថែម។

គួរបញ្ជាក់ថា ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ប្រទេសអូស្រ្តាលីបានកត់ត្រានូវ គ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ដែលបានឆាបឆេះនៅលើផ្ទៃដី ទំហំប៉ុនចក្រភពអង់គ្លេស និងបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ ៣៣នាក់ស្លាប់ ខណៈមនុស្សរាប់ពាន់នាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ រដូវភ្លើងឆេះព្រៃដែលរងឥទ្ធិពលដោយសារ បញ្ហាបម្រែបម្រួលអាកាសធាតុ ក៏បានសម្លាប់ និងផ្លាស់ទីសត្វព្រៃ ព្រមទាំងសត្វពាហនៈនានាជិត ៣ពាន់លានក្បាល និងធ្វើឲ្យសេដ្ឋកិច្ចអូស្ត្រាលី ខាតបង់អស់ទឹកប្រាក់ប្រមាណជា ៧ពាន់លានដុល្លារឯណោះ៕