(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បាននិយាយថា លោកនឹងមិនទទួលការចាក់វ៉ាក់សាំង COVID-19 ឡើយ នៅក្នុងបទអត្ថាធិប្បាយចុងក្រោយបំផុតមួយ របស់លោក ដែលបង្ហាញពីមន្ទិលសង្ស័យចំពោះកម្មវិធីចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក Bolsonaro ក៏បានបញ្ជាក់ដែរថា សភាទាំង២របស់ប្រេស៊ីល ក៏ទំនងជានឹងមិនតម្រូវឱ្យប្រជាជនប្រេស៊ីលគ្រប់រូប ត្រូវតែចាក់វ៉ាក់សាំង នោះដែរ។ ប្រធានាធិបតីប្រេស៊ីលរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូម ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំនឹងមិនទទួលការចាក់់វ៉ាក់សាំងឡើយ។ នេះគឺជាសិទ្ធិរបស់ខ្ញុំ»

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រេស៊ីល គឺជាប្រទេសមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេលំដាប់ទី២ និងមានអ្នកឆ្លងច្រើនជាងគេលំដាប់ទី៣ នៅលើពិភពលោក។ បើតាម គេហទំព័រ worldometers ប្រេស៊ីល គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ មានអ្នកឆ្លង COVID-19 សរុប ៦.២លាននាក់ ក្នុងនោះស្លាប់ ១៧១,៤៩៧នាក់ និងជាសះស្បើយឡើងវិញ ៥.៥លាននាក់៕