(ឥណ្ឌា)៖ ព្យុះស៊ីក្លូនដ៏កំណាចមួយឈ្មោះ នីវ៉ា (Nivar) បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសឥណ្ឌា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបានផ្ដាច់ជីវិតមនុស្ស ០៥នាក់ និងបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព រៀបចំឡើងដោយរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមអាជ្ញាធរឧតុនិយមឥណ្ឌា ព្យុះស៊ីក្លូន Nivar បានវាយប្រហារលើតំបន់ដីគោកនៃទីក្រុង ភូឌូឈើរី (Puducherry) ដែលស្ថិតនៅក្បែររដ្ឋតាមីលណាឌូ (Tamil Nadu) ភាគខាងត្បូងនៃប្រទេស ក្នុងល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះកំណាចនេះបាននាំមកជាមួយភ្លៀងធ្លាក់យ៉ាងគំហុកផងដែរ ដោយបង្កជាគ្រោះទឹកជំនន់ នៅតាមដងផ្លូវជាច្រើននៃទីក្រុង ជិនណៃ (Chennai) នៃរដ្ឋ Tamil Nadu។ ព្យុះស៊ីក្លូន Nivar បានផ្ដាច់ជីវិតមនុស្ស ០៥នាក់ ហើយក្នុងចំណោមអ្នកទាំងនេះ អ្នកខ្លះស្លាប់ដោយសារលង់ទឹក, ដើមឈើរលំសង្កត់ និងឆក់ខ្សែភ្លើង។

គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌាក្នុងរដ្ឋ Tamil Nadu បាននិងកំពុងស្ដារការផ្គត់ផ្គង់អគ្គីសនីឡើងវិញ និងសំអាតកម្ទេចកម្ទីនៅតាមដងផ្លូវ។ ព្យុះស៊ីក្លូន Nivar បានថមថយកម្លាំងមកនៅត្រឹម ៨៥-៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងបន្តចុះខ្សោយទៀត៕