(តូក្យូ)៖ ប្រទេសជប៉ុន និងចិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមការធ្វើដំណើរប្រភេទអាជីវកម្មឡើងវិញ នៅក្នុងខែវិច្ឆិកានេះ និងបន្តកិច្ចពិភាក្សា ជុំវិញជម្លោះប្រជុំកោះនៅក្នុងសមុទ្រចិនខាងកើត នៅក្នុងកិច្ចពិភាក្សាថ្នាក់ខ្ពស់លើកដំបូងចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុនថ្មី ចូលកាន់ដំណែងកាលពីខែកញ្ញាមក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ដំណើរទស្សនកិច្ចរយៈពេល០២ថ្ងៃ ទៅកាន់ទីក្រុងតូក្យូរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ធ្វើឡើងចំពេលមានការព្រួយបារម្ភចំពោះការកើនឡើងខ្លាំង នៃឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់។ កិច្ចពិភាក្សាជាមួយសមភាគីជប៉ុន លោក Toshimitsu Motegi បានផ្តោតលើបញ្ហាសំខាន់ៗ រួមមាន ភាពតានតឹងក្នុងដែនសមុទ្រ ពាណិជ្ជកម្ម និងវិធានការឆ្លើយតបទៅនឹងជំងឺរាតត្បាត។

នៅថ្ងៃពុធនេះលោក វ៉ាង យី នឹងចូលជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីលោក Suga Yoshihide ដែលកន្លងមកបានព្យាយាមរក្សាតុល្យភាពសេដ្ឋកិច្ចជាមួយ ប្រទេសចិន ក៏ដូចជាការព្រួយបារម្ភផ្នែកសន្តិសុខរួម ព្រមទាំងការអះអាងរបស់ទីក្រុងប៉េកាំងជុំវិញជម្លោះប្រជុំដែនកោះគ្រប់គ្រងដោយជប៉ុន។ លោក Suga ដែលធ្លាប់បង្ហាញ ច្បាស់ពីវោហារសាស្ត្រប្រឆាំងចិន តាមរយៈសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក លោកបានផ្លាស់ប្តូរគោលនយោបាយដើម្បីប្រឆាំង នឹងឥទ្ធិពលចិនតាមរយៈការធ្វើឲ្យកាន់តែស៊ីជម្រៅ លើចំណងមិត្តភាពជាមួយប្រទេសអូស្ត្រាលី និងជ្រើសរើសប្រទេសវៀតណាម និងឥណ្ឌូណេស៊ី សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក។

ក្រោយបិទបញ្ចប់កិច្ចពិភាក្សា លោក Motegi បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានយ៉ាងថា វាពិតជាសំខាន់ខ្លាំងណាស់ដែលភាគីទាំងពីរ រក្សាការទាក់ទងគ្នាដោយផ្ទាល់ ហើយ លោកសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចប្រទេសទាំងពីរ មានភាពប្រសើរឡើងវិញក្រោយវិបត្តិ COVID-19 និងលើកកម្ពស់ការយោគយល់គ្នាទៅវិញ ទៅមក។ ទន្ទឹងគ្នានេះ លោក វ៉ាង យី ក៏បានលើកឡើងដែរថាតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា យើងនឹងធ្វើឲ្យសមុទ្រចិនខាងកើតក្លាយជាសមុទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការ។

គួរបញ្ជាក់ថា លោក វ៉ាង យី នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយលោកបានកត់សម្គាល់កាលពីថ្ងៃអង្គារមិ្សលមិញថា ប្រទេសចិន និងជប៉ុន បានព្រមព្រៀងគ្នាឆ្ពោះទៅរកការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសអាស៊ីខាងកើតទាំងបី។ លោក Toshiya Takahashi សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Shoin បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ប្រទេសជប៉ុនបានឆ្លុះបញ្ចាំងពីសារៈសំខាន់ពីភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ប៉ុន្តែ ខ្វះភាពរីកចម្រើនលើជម្លោះដែនសមុទ្រ៕