(សៀងហៃ)៖ អាជ្ញាធរទីក្រុងកំពុងផែ ធានជីន (Tianjin) បានឲ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ០២ករណីនៅក្នុងខែវិច្ឆិកានេះ ដែលមានប្រភពចេញពីក្បាលជ្រូក នាំចូលមកពីតំបន់អាមេរិកខាងជើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ចាង យីង (Zhang Ying) មន្ត្រីនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងចិន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា អាជ្ញាធរមិនទាន់ធ្វើតេស្តក្បាលជ្រូកនៅឡើយទេ ប៉ុន្តែសំណាកយកចេញពីចំណុចក្បាល ដែលបានធ្លាក់ នៅពេលធ្វើការផ្លាស់ប្តូរកន្លែងផ្ទុកក្បាលជ្រូកទាំងនោះ ត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាដែលមានជាប់ពាក់ព័ន្ធ ទៅនឹងករណីទាំងពីរខាងលើ ក្រោយពួកគេបានប៉ះពាល់ដោយផ្ទាល់។

អាជ្ញាធរទីក្រុងធានជីនកាលពីដើមខែនេះ ធ្លាប់បានប្រកាសឲ្យដឹងថា ពួកគេនឹងធ្វើតេស្តនៅតាមកន្លែងស្តុកនានា និងបុគ្គលិកមួយចំនួន បន្ទាប់ពីកម្មករម្នាក់បានធ្វើវិជ្ជមាន ក្រោយប៉ះពាល់សាច់ជ្រូកក្លាសេ នាំចូលពីប្រទេសអាល្លឺម៉ង់។ មួយរយៈចុងក្រោយនេះ ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ជាបន្តបន្ទាប់ចេញពីសាច់ក្លាសេនាំចូលពីបរទេស។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា ប្រទេសចិនបានកត់ត្រាការណីឆ្លងជំងឺ COVID-19 សរុបចំនួន ៥ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារម្សិលមិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការសុខភាពជាតិចិនបានបញ្ជាក់ថា ករណីថ្មីៗទាំងអស់ គឺជាករណីនាំចូលពីបរទេស៕