(ម៉ានីល)៖ ស្ថានទូតចិនប្រចាំនៅប្រទេសហ្វីលីពីន បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះ «ការបង្កើតភាពវឹកវរនៅទ្វីបអាស៊ី» បន្ទាប់ពីបេសកជននៃសេតវិមាន ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន បានគាំទ្របណ្តាប្រទេស ដែលមានជម្លោះជាមួយចិន ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងថា បាននិងកំពុងប្រើសម្ពាធយោធា ដើម្បីផលប្រយោជន៍របស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទម្សិលមិញនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត អូប្រាយអិន (Robert O’Brien) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ និងបានប្រាប់ប្រទេសហ្វីលីពីន ព្រមទាំងវៀតណាមវៀតណាម ដែលជាប្រទេសមានជម្លោះដែនសមុទ្រជាមួយចិនថា «យើងឈរពីក្រោយខ្នងអ្នកជានិច្ច»

ស្ថានទូតចិនបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដំណើរទស្សនកិច្ចរបស់លោក Robert O’Brien ទៅកាន់ប្រទេសហ្វីលីពីននេះ មិនមែនដើម្បីលើកកម្ពស់សន្តិភាព និងស្ថេរភាពក្នុងតំបន់នោះទេ ប៉ុន្តែដើម្បីបង្កើតភាពវឹកវរនៅក្នុងតំបន់ ដើម្បីស្វែងរកផលប្រយោជន៍ដ៏អាត្មានិយម របស់សហរដ្ឋអាមេរិកផ្ទាល់ប៉ុណ្ណោះ»

សេចក្តីថ្លែងការណ៍នោះបានគូសបញ្ជាក់បន្ថែមថា «សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការញុះញង់ និងការប្រឈមមុខដាក់គ្នា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងបញ្ឈប់ការធ្វើសេចក្តីកត់សម្គាល់ ដែលគ្មានការទទួលខុសត្រូវលើបញ្ហាកោះតៃវ៉ាន់ និងទីក្រុងហុងកុង ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិនទៀតទៅ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសចិនបានស្ថិតក្នុងជម្លោះលើបញ្ហានានា តាំងពីបញ្ហាបច្ចេកវិទ្យា និងសិទ្ធិមនុស្ស ទៅដល់បញ្ហាសមុទ្រចិនខាងត្បូង ដោយភាគីម្ខាងៗបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីឥរិយាបទបង្កហេតុដោយចេតនា។ ដោយឡែក សម្រាប់ភាគីជម្លោះនៅសមុទ្រចិនខាងត្បូង រួមមានចិន, ប្រ៊ុយណេ (Brunei), ម៉ាឡេស៊ី (Malaysia), ហ្វីលីពីន (Philippines), តៃវ៉ាន់ (Taiwan), និងវៀតណាម (Vietnam)៕