(តៃប៉ិ)៖ កោះតៃវ៉ាន់មានកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ខណៈដែនកោះមួយនេះកំពុងស្វែងរកការពង្រឹង ទំនាក់ទំនងជាមួយរដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំដោយលោក បៃដិន បន្ទាប់ពីទទួលបានការគំាទ្រយ៉ាងពេញទំហឹង ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានបង្កើនការគាំទ្រ យ៉ាងពេញទំហឹងដល់កោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការបង្កើនការលក់អាវុធ និងបញ្ជូនមន្ត្រីអាមេរិកកំពូលៗ ឱ្យទៅបំពេញទស្សនកិច្ចក្នុងដែនកោះមួយនេះ ទោះបីជាប្រទេសចិនជំទាស់ និងគំរាមយ៉ាងណាក៏ដោយ។

យ៉ាងណាក៏ដោយ បើអ្នកជំនាញជាច្រើនយល់ថា លោក ចូ បៃដិន អាចនឹងមានវិធានការតឹងរ៉ឹង ឬលក់អាវុធឱ្យកោះតៃវ៉ាន់ ដោយផ្អែកលើទំនាក់ទំនងរវាងចិន និងតៃវ៉ាន់។ ចំណុចនេះមានន័យថា បើទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ធ្លាក់ចុះដុនដាបខ្លាំង នោះលោក បៃដិន អាចនឹងផ្ដល់ការគាំទ្ររឹតតែខ្លាំងដល់តៃវ៉ាន់ ឬចាត់វិធានការតឹងរ៉ឹងចំពោះចិន តែបើស្ថានការណ៍ល្អប្រសើរ នោះលោក បៃដិន ក៏ប្រហែលជានឹងមិនធ្វើសកម្មភាព អ្វីខ្លាំងជាដុំកុំភួននោះដែរ។

យ៉ាងណាក៏ដោយ ជាការបង្ហាញពីបំណងពង្រឹងទំនាក់ទំនងជាមួយអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លោកស្រី ចូនណេ អ៊ូ (Joanne Ou) បានបញ្ជាក់ថា តៃវ៉ាន់មានទំនាក់ទំនងល្អទាំងជាមួយគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ លោកស្រីបានបន្ថែមដូច្នេះថា «ក្រសួងការបរទេស និងការិយាល័យតំណាងរបស់យើង នៅក្នុងសហរដ្ឋអាមេរិក នៅតែបន្តរក្សាទំនាក់ទំនងល្អ និងអន្តរកម្មល្អជាមួយក្រុមការងារលោក បៃដិន តាមមធ្យបាយទំនាក់ទំនងជាច្រើន។ ក្នុងពេលជាមួយគ្នា យើងចង់អរគុណដល់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ដែលធ្វើទំនាក់ទំនងរវាងតៃវ៉ាន់ និងអាមេរិកបច្ចុប្បន្នមានភាពរឹងមាំបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកដូចគ្នាទៅបណ្ដាប្រទេសដទៃភាគច្រើន មិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយកោះតៃវ៉ាន់ឡើយ ព្រោះតែនយោបាយចិនតែមួយ ដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ស្របទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែជារឿយៗអាមេរិក តែងតែបង្ហាញជំហរគាំទ្រកោះតៃវ៉ាន់ នៅលើឆាកអន្តរជាតិ និងផ្គត់ផ្គង់អាវុធឱ្យដែនកោះមួយ បើទោះជាដឹងថា វាជាការធ្វើឱ្យខូចខាតដល់ទំនាក់ទំនង ជាមួយទីក្រុងប៉េកាំងក៏ដោយ៕