(ញូដេលី)៖ ទិន្នន័យចុងក្រោយចេញផ្សាយដោយ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារនេះបានបង្ហាញឲ្យឃើញថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ៩,១៧៧,៨៤០ករណីហើយ ខណៈអត្រាឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៧,៩៧៥ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីចំនួន ៤៨០នាក់ក៏ត្រូវបានរាយការណ៍ ក្នុងរយៈពេលដូចគ្នាផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៣៤,២១៨នាក់។ នេះជាលើកទីមួយហើយ ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងទៅនេះ ដែលករណីឆ្លង COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ៤០,០០០ករណី ស្របពេលការស្លាប់ប្រចាំថ្ងៃ ក៏បានធ្លាក់ចុះក្រោម ៥០០នាក់ផងដែរ។ ដោយឡែកចំនួនអ្នកជាសះស្បើយ បានកើនឡើងដល់ ៨,៦០៤,៩៥៥នាក់។

គួរបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍កន្លងទៅនេះរដ្ឋាភិបាលឥណ្ឌា បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្កើនយុទ្ធនាការធ្វើតេស្តរក COVID-19 នៅក្នុងប្រទេសមានប្រជាជនច្រើនបំផុត លំដាប់លេខ ២ លើលោកមួយនេះ។ បើតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌាហៅកាត់ថា ICMR បានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សសរុបចំនួនជាង ១៣៣លាននាក់៕