(បាងកក)៖ ភាពតានតឹងកំពុងកើនឡើងយ៉ាងខ្លាំង ជុំវិញបាតុកម្មតវ៉ានៅប្រទេសថៃ បន្ទាប់ពីប៉ូលីសថៃបានបាញ់មនុស្សចំនួន ០៦នាក់ឲ្យរងរបួសកាលពីសប្ដាហ៍មុន និងបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកពណ៌លើក្រុមបាតុករ នៅតាមដងផ្លូវនៃទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីក្រុងបាងកកនៃប្រទេសថៃ កំពុងប្រឈមមុខនឹងបាតុកម្មដ៏ធំមួយទៀត នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកាស្អែកនេះ ដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្តុំគ្នា នៅឯការិយាល័យរាជសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិ នៃរបបរាជានិយមថៃ។

គួរបញ្ជាក់ថា ក្រុមចលនានិស្សិតរបស់ថៃ បានធ្វើការតវ៉ាអស់ជាច្រើនខែមកហើយ ដោយក្នុងនោះសញ្ញាម្រាមដៃបីរបស់ពួកគេ នៅតែត្រូវបានប្រើប្រាស់ ដើម្បីទាមទារចំណុចសំខាន់ៗចំនួន ០៣ ដោយទីមួយគឺលោក ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រី, ទីពីរគឺការកែប្រែរដ្ឋធម្មនុញ្ញ ឲ្យដូចមុនឆ្នាំ២០១៩ និងទី ៣ គឺការធ្វើកំណែទម្រង់រាជានិយម ដែលផ្តល់អំណាចជ្រុលពេក ដល់ព្រះមហាក្សត្របច្ចុប្បន្ន៕