(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក ដូមីនីក រ៉ាអ៊ែប (Dominic Raab) បាននិយាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ចក្រភពអង់គ្លេសកំពុងពិចារណាដកចៅក្រម របស់ខ្លួនចេញពីតុលាការកំពូល របស់ទីក្រុងហុងកុង ដែលវាជាការឆ្លើយតបចុងក្រោយចំពោះអ្វីដែលខ្លួនចាត់ទុកថា ចិនបានរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួននៅក្នុងទឹកដី នៃអតីតអាណានិគមអង់គ្លេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ចក្រភពអង់គ្លេស ដែលគ្រប់គ្រងទីក្រុងហុងកុងអស់រយៈពេលជាង១៥០ឆ្នាំ រហូតដល់ប្រទេសនេះបានប្រគល់ឱ្យចិនវិញនៅឆ្នាំ១៩៩៧នោះ បាននិយាយថា ច្បាប់សន្តិសុខថ្មីដែល បានដាក់ដោយទីក្រុងប៉េកាំង នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ គឺជាការរំលោភលើសេចក្តីប្រកាសរួមចិន-អង់គ្លេសឆ្នាំ១៩៨៤។ ទន្ទឹមនឹងនេះ ទីក្រុងឡុងដ៍ ក៏បានជំទាស់ទៅនឹងច្បាប់ថ្មី ដែលបានកំណត់ដោយចិនដីគោក ដើម្បីដកហូតសមាជិកភាពនៃសមាជិកសភាជាប់ឆ្នោត ក្នុងទីក្រុងហុងកុងផងដែរ។

រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខថ្មីមួយលើទីក្រុងហុងកុង កាលពីខែមិថុនាកន្លងទៅនេះ ដែលជាការដាក់ទណ្ឌកម្មលើការអបគមន៍, ការបះបោរ និងការគប់គិត ជាមួយកងកម្លាំងបរទេស រហូតដល់ទោសជាប់ពន្ធនាគារ បន្ទាប់ពីមួយឆ្នាំនៃការធ្វើបាតុកម្មដោយហិង្សា។ រដ្ឋាភិបាលលោកខាងលិច និងក្រុមសិទ្ធិមនុស្សអន្តរជាតិបានសម្តែង ការព្រួយបារម្ភថា ច្បាប់នេះនឹងបំបាត់សេរីភាពនៅទីក្រុងហុងកុង។

រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក Dominic Raab បានគូសបញ្ជាក់ថា៖ «ខ្ញុំបានចាប់ផ្តើមពិគ្រោះយោបល់ជាមួយប្រធានតុលាការកំពូលចក្រភពអង់គ្លេស លោក Lord Reed ទាក់ទងនឹងពេលវេលាដែលត្រូវត្រួតពិនិត្យមើលឡើងវិញថា តើវាជារឿងសមស្របឬទេ ដែលចៅក្រមអង់គ្លេសក្លាយជាចៅក្រម មិនអចិន្រ្តៃយ៍នៅតុលាការទីក្រុងហុងកុង»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ក៏បានប្រកាសរួចហើយជាស្រេចផងដែរ នូវច្បាប់អន្តោប្រវេសន៍ថ្មីដែលធ្វើឱ្យប្រជាជនហុងកុងមានភាពងាយស្រួល ក្នុងការរស់នៅក្នុងចក្រភព អង់គ្លេស ដោយបានព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុង និងបានពង្រីកការដាក់ទណ្ឌកម្មអាវុធរបស់ចិនទៅលើទីក្រុងហុងកុងជាដើម៕