(ព្រុចសែល)៖ គណៈកម្មាការអឺរ៉ុប បានក្រោនរំលឹកដល់រដ្ឋាភិបាលបារាំង ពីកាតព្វកិច្ចរបស់ខ្លួនដើម្បីធានាឲ្យក្រុមអ្នកសារព័ត៌មាន អាចបំពេញការងារដោយសេរី និងសុវត្ថិភាព ខណៈដែលសភាបារាំង បោះឆ្នោតលើច្បាប់ហាមឃាត់ក្នុងការផ្សព្វផ្សាយរូបភាពមន្ត្រីប៉ូលិស ដែលកំពុងបំពេញភារកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT នាព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Christian Wigand អ្នកនាំពាក្យសភាអឺរ៉ុប បានឲ្យដឹងថា សភាអឺរ៉ុបបានចេញសេចក្តីព្រមានដល់រដ្ឋាភិបាលបារាំង បន្ទាប់ពីសភាបារាំងបានបោះឆ្នោតអនុម័តលើច្បាប់ ក្នុងគោលបំណង ដើម្បីដាក់ទោសលើអ្នកសារព័ត៌មាន ចំពោះការផ្សព្វផ្សាយរូបភាពមន្ត្រីប៉ូលិស កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ្នកនាំពាក្យរូបនេះបានថ្លែងប្រាប់សារព័ត៌មាន AFP ទៀតថា សហភាពអឺរ៉ុបកំពុងឃ្លាំមើលការវិវត្ត នៅក្នុងប្រទេសបារាំងយ៉ាងយកចិត្តទុកដាក់បំផុត។

លោក Wigand បានបន្ថែមទៀតថា បណ្តារដ្ឋសមាជិកទាំងអស់ ត្រូវរក្សាតុល្យនៅពេលធ្វើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខ, ការធានាសិទ្ធិរបស់ពលរដ្ឋ និងជាពិសេសសេរីភាព សារព័ត៌មានមិនត្រូវប៉ះពាល់ ក្រោមលេសពង្រឹងសន្តិសុខសាធារណៈនោះឡើយ។ ជានិច្ចកាល គណៈកម្មាការអឺរ៉ុប រក្សាសិទ្ធិក្នុងការពិនិត្យលើច្បាប់ចុងក្រោយ ដើម្បីផ្ទៀងផ្ទាត់ ថាបានអនុលោមស្របតាមច្បាប់របស់សហភាពអឺរ៉ុប។

បន្ទាប់ពីការយល់ព្រមលើដំណាក់កាលដំបូងកាលពីថ្ងៃសុក្រសប្តាហ៍មុន សមាជិកសភាបារាំងនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ទាំងមូល នៅថ្ងៃអង្គារនេះ។ បន្ទាប់ពីមក សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ចូនទៅឲ្យព្រឹទ្ធសភាដើម្បីត្រួតពិនិត្យឡើងវិញ។ ប្រសិនបើអនុម័ត ច្បាប់នេះនឹងពង្រីកការប្រើប្រាស់ដ្រូនស៊ើបការណ៍ និងអំណាចប៉ូលិស ក៏ដូចជា ការកំណត់លើការផ្សព្វផ្សាយរូបភាពមន្ត្រីប៉ូលស ដែលកំពុងបំពេញភារកិច្ចផងដែរ។ យោងតាមច្បាប់នេះ ការចែករំលែករូបភាពប៉ូលសដែលកំពុងបំពេញភារកិច្ចក្នុងគោលបំណង ឬធ្វើឲ្យប៉ះពាល់ដល់រាងកាយ ឬផ្លូវចិត្តនឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ០១ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ៤៥,០០០ អឺរ៉ូ (ប្រហែលជា ៥៣,៣៦០ ដុល្លារអាមេរិក) ។

គួរបញ្ជាក់ថា ច្បាប់នេះប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសារព័ត៌មាន និងសកម្មជនដោយលើកឡើងថា សេរីភាពស៊ីវិល និងសេរីភាពសារព័ត៌មាន អាចរងផលប៉ះពាល់យ៉ាងខ្លាំង។ មនុស្សរាប់ពាន់នាក់បានដើរហែក្បួនតាមដងផ្លូវ ដើម្បីប្រឆាំងនឹងច្បាប់ថ្មីនេះកាលពីសប្តាហ៍មុន។ កាលពីថ្ងៃសៅរ៍ ប៉ូលិសបានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករនៅក្នុងទីក្រុងប៉ារីស ដែលរៀបចំឡើងដោយក្រុមអ្នកសារព័ត៌មានគ្មានព្រំដែន និងអង្គការលើកលែងទោសអន្តរជាតិ។ នៅជុំវិញបញ្ហានេះ រដ្ឋាភិបាលបារាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍ខាងលើឡើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin ធ្លាប់បានលើកឡើងថាគោលបំណងរបស់ច្បាប់ថ្មីនេះគឺដើម្បី ការពារអ្នកដែលការពារពួកយើងតែប៉ុណ្ណោះ៕