(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកករណីឆ្លង COVID-19 រហូតដល់ទៅ ១៧២,១០៣ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ៩៧២នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១២,៧៧៧,១៧៤ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦៣,៦៨៧នាក់ និងជាសះស្បើយឡើងវិញចំនួន ៧,៥៤៨,៩៤០នាក់។ សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសាលារៀនជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងគំហុកបែបនេះ។

គួរបញ្ជាក់ថា នៅទីបំផុតលោក ដូណាល់ ត្រាំ បានយល់ព្រមឲ្យមន្ត្រីរបស់លោក រៀបចំធ្វើការផ្ទេរអំណាចទៅដល់លោក ចូ បៃដិន ជាផ្លូវការហើយ ដោយប្រការនេះត្រូវបានគេមើលឃើញថា នឹងការដោះស្រាយបញ្ហារាតត្បាត COVID-19 កាន់តែប្រសើរជាងមុន។ លោក ចូ បៃដិន កន្លងមកបានអះអាងថា លោកមិនមានផែនការបិទប្រទេសឡើយ ប៉ុន្តែវិធានការតម្រូវឲ្យពាក់ម៉ាសទូទាំងសហរដ្ឋអាមេរិក និងការរឹតត្បិតមួយចំនួនទៀត ក្នុងនោះព្រមទាំងកញ្ចប់ថវិកាសង្គ្រោះផងដែរ អាចនឹងត្រូវដាក់ចេញភ្លាមៗ បន្ទាប់ពីលោកស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕