(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បានចេញមុខប្រតិកម្ម ចំពោះដំណឹងនៃការធ្វើទស្សនកិច្ចដោយសម្ងាត់ ពីសំណាក់មេបញ្ជាការទ័ពជើងទឹកអាមេរិក ទៅកាន់កោះតៃវ៉ាន់ ហើយថាទីក្រុងប៉េកាំងបានព្រមានថា នឹងធ្វើការឆ្លើយតបចំពោះរឿងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មាន Reuters មេបញ្ជាការទ័ពជើងទឹកអាមេរិកម្នាក់ឈ្មោះ ម៉ៃខឺល ស្តាដមែន (Michael Studeman) ដែលទទួលបន្ទុកផ្នែកស៉ើបការណ៍សម្ងាត់ របស់យោធាអាមេរិកប្រចាំនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក ទើបតែបានធ្វើដំណើរទស្សនកិច្ចមួយ ដោយស្ងាត់នៅតៃវ៉ាន់។ យ៉ាងណាមិញ ទាំងខាងតៃវ៉ាន់ និងខាងសហរដ្ឋអាមេរិក សុទ្ធតែមិនបានទទួលស្គាល់ជាផ្លូវការ ចំពោះទស្សនកិច្ចនេះឡើយ។

ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បាននិយាយថា ចិននៅតែប្រកាន់ជំហរប្រឆាំងដាច់ខាត ចំពោះរាល់ដំណើរទស្សនកិច្ច ទោះក្រោមទម្រង់ណាក៏ដោយ រវាងមន្រ្តីអាមេរិក និងតៃវ៉ាន់ ព្រមទាំងចំពោះការផ្សាភ្ជាប់ទំនាក់ទំនងយោធា រវាងភាគីទាំងពីរ។

លោក Zhao ជាថ្មីម្តងទៀត បានទទូចឲ្យសហរដ្ឋអាមេរិកទទួលស្គាល់ អំពីបញ្ហាដ៏រសើបបំផុតជុំវិញកោះតៃវ៉ាន់ ហើយបានព្រមានថា ចិននឹងធ្វើការឆ្លើយតបដែលចាំបាច់ និងសមស្របទៅវិញ ដោយយោងទៅតាមការវិវត្តជាក់ស្តែងនៃស្ថានការណ៍។

គួរបញ្ជាក់ថា នៅពេលដែលរដ្ឋមន្រ្តីសុខាភិបាលអាមេរិក បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីខែសីហាកន្លងទៅ រួមជាមួយទស្សនកិច្ច របស់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់ កាលពីខែកញ្ញា ទីក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មក្តៅៗ តាមរយៈការចល័តយន្តហោះចម្បាំង ហោះឆ្វែលកៀកៗកោះតៃវ៉ាន់៕