(ស៊ីដនី)៖ រដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅអូស្ត្រាលី គឺរដ្ឋ ញូសោតវែលស៍ (New South Wales) និងវិចតូរៀ (Victoria) បានប្រកាសបើទ្វារព្រំដែនរបស់ពួកគេឡើងវិញហើយ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកានេះ បន្ទាប់ពីការបិទអស់ជាច្រើនសប្តាហ៍ ដើម្បីទប់ទល់រលកទី ២ នៃការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

អាជ្ញាធររដ្ឋ New South Wales និង Victoria បានសម្រេចបិទទ្វាររដ្ឋរបស់ពួកគេ តាំងតែពីដើមខែកក្កដាមកម្ល៉េះ ដែលជាចំណាត់ការមិនធ្លាប់មានជាង ១០០ឆ្នាំមកនេះ ដើម្បីទប់ទល់ជំងឺរាតត្បាតសកល COVID-19។ ព្រំដែននៃរដ្ឋទាំងពីរនេះ ធ្លាប់ត្រូវបានបិទម្តងកាលពីឆ្នាំ១៩១៩ ដើម្បីទប់ទល់ជំងឺផ្តាសាយអេស្ប៉ាញ។

បើតាមការផ្សាយរបស់ទូរទស្សន៍ក្នុងស្រុកអូស្ត្រាលី ប្រជាជននានាបានចល័តរថយន្តយ៉ាងព្រោងព្រៀត ឆ្លងកាត់ព្រំដែនទៅវិញទៅមករវាងរដ្ឋ New South Wales និង Victoria ដោយខ្លះបានចុចស៊ីផ្លេរថយន្ត ឲ្យលាន់ឮកងរំពងតែម្តង ជាការអបអរដល់ការបិទទ្វាររដ្ឋ ដែលបានអូសបន្លាយ តាំងតែពីដើមខែកក្កដាមកនោះ។

គួរបញ្ជាក់ថា ការផ្ទុះករណីឆ្លង COVID-19 នៅក្នុងទីក្រុងមែលប៊ឺន គឺជាកត្តាធំមួយដែលបានជំរុញឲ្យ ព្រំដែនរដ្ឋទាំងពីរខាងលើនេះត្រូវបិទទ្វារ។ គិតត្រឹមថ្ងៃចន្ទនេះ នៅទូទាំងប្រទេសអូស្ត្រាលីមានករណីឆ្លង COVID-19 សរុបជាង ២៧,៨០០ករណី ក្នុងនោះស្លាប់ជាង ៩០០នាក់ និងជាសះស្បើយវិញជាង ២៥,៥០០នាក់៕