(ញូដេលី)៖ ក្នុងឋានៈជាប្រទេសផលិត និងចែកចាយឱសថធំជាងគេមួយ នៅលើពិភពលោកនេះ ឥណ្ឌាបានប្រកាសថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលកំពុងស្ថិតក្នុងការធ្វើតេស្តលើមនុស្សក្នុងតំណាក់កាលទី ៣ ដែលជាតំណាក់កាលចុងក្រោយនោះ គឺនឹងចេញជាលទ្ធផលយ៉ាងយូរ ០២ខែទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ការអភិវឌ្ឍវ៉ាក់សាំងខាងលើនេះ បាននិងកំពុងប្រព្រឹត្តទៅ ក្រោមកិច្ចសហការរវាង ក្រុមហ៊ុនរដ្ឋឥណ្ឌា ICMR និងក្រុមហ៊ុនឯកជន ប៉ារ៉ាត បាយអូធិច (Bharat Biotech)។ ក្រុមហ៊ុនទាំងពីរបានអះអាងរួមគ្នាថា នៅរយៈយ៉ាងឆាប់ ១ខែ ឬយ៉ាងយូរ ២ខែទៀតប៉ុណ្ណោះ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ឥណ្ឌា ដែលមានឈ្មោះថា កូវ៉ាស៊ីន (COVAXIN) នឹងចេញលទ្ធផល ហើយវាគឺជាវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍឡើង ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតរបស់ឥណ្ឌា។

អ្នកវិទ្យាសាស្ត្រមួយរូបនៃក្រុមហ៊ុនឱសថរដ្ឋឥណ្ឌា ICMR ក៏ធ្លាប់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីដើមខែវិច្ឆិកានេះផងដែរថា វ៉ាក់សាំង COVAXIN អាចនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅអំឡុងខែកុម្ភៈ ឬក៏ខែមីនា ឆ្នាំ២០២១។ ដោយឡែកសម្រាប់ក្រុមហ៊ុនជាដៃគូគឺ Bharat Biotech វិញបានគូសបញ្ជាក់ថា វ៉ាក់សាំងដដែលនេះនឹងចេញនៅអំឡុងខែមីនា ឬក៏អាចឈានដល់ខែមេសា ឆ្នាំ២០២១។

ប្រសិនបើវ៉ាក់សាំងដែលត្រូវបានធ្វើតេស្ត លើអ្នកស្ម័គ្រចិត្ត ២៦,០០០នាក់ខាងលើនេះ ទទួលបានជោគជ័យ នោះឥណ្ឌារំពឹងថា នឹងធ្វើការផលិតក្នុងទ្រង់ទ្រាយធំ ហើយចែកចាយក្នុងប្រទេសខ្លួនជាចម្បង ជាពិសេសទៅលើមន្ត្រី ដែលបម្រើការងារផ្នែកសុខាភិបាល និងមន្ត្រីពាក់ព័ន្ធដទៃទៀត ដែលជាអ្នកប្រឈមមុខដោយផ្ទាល់ជាមួយ COVID-19។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបជាង ៩,១៤០,០០០ករណី ក្នុងនោះស្លាប់ជាង ១៣៣,៧០០នាក់ និងជាសះស្បើយវិញជាង ៨,៥៦០,០០០នាក់៕