(រ៉ង់ហ្គូន)៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់សម្លាប់អ្នកតំណាងរាស្រ្តមីយ៉ាន់ម៉ា ដែលទើបតែជាប់ឆ្នោតថ្មីមកពីគណបក្សកាន់អំណាច របស់លោកស្រី Aung San Suu Kyi ដែលបានជំរុញឲ្យគណបក្សមួយនេះ បើកការស៊ើបអង្កេតយ៉ាងរហ័ស និងបានថ្កោលទោសចំពោះអំពើហឹង្សានយោបាយបក្រោមការបោះឆ្នោតបែបនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកនាំពាក្យគណបក្ស លោក Myo Nyunt បានគូសបញ្ជាក់ថា ជនរងគ្រោះខាងលើ ដែលមានឈ្មោះថា Htiki Zao ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់នៅក្នុងហាងលក់ទំនិញរបស់គាត់ នៅឯទីប្រជុំជន Kyaukme កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ លោក Htiki Zao បានឈ្នះអាសនៈ នៅក្នុងការបោះឆ្នោតទូទៅ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ០៨ ខែវិច្ឆិកាកន្លងទៅនេះ។

ជុំវិញបញ្ហានេះដែរ លោក Myo Nyunt បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា«យើងសូមបដិសេធនិងថ្កោលទោស ចំពោះអំពើហឹង្សាទាំងឡាយ ជាពិសេសអំពើហឹង្សាដែលទាក់ទងនឹងនយោបាយ ដែលបង្កអន្តរាយដល់អនាគតប្រទេសជាតិ»។

គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី Aung San Suu Kyi បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ជាថ្មីម្តងទៀត នៅក្នុងការបោះឆ្នោតសកលដែលបានប្រព្រឹត្តិក្នុងកំឡុងខែវិច្ឆិកានេះ។ ប៉ន្តែទោះយ៉ាងណា គណបក្សប្រឆាំងដែលមានសម្ព័ន្ធភាពជាមួយយោធាមីយ៉ាន់ម៉ា បានច្រានចោល នូវលទ្ធផលនៃការបោះឆ្នោត ដោយបានចាត់ទុកថា ជារឿងអយុត្តិធម៌ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតសាជាថ្មី៕