(តូក្យូ)៖ ជប៉ុន អាចដាក់ចេញឡើងវិញនូវវិធានការដាក់កំហិត លើការជួបជុំគ្នា សម្រាប់ព្រឹត្តិការណ៍កីឡា និងពិធីជួបជុំគ្នាទ្រង់ទ្រាយធំមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាត COVID-19។ នេះបើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក នីស៊ីមូរ៉ា យ៉ាស៊ូតូសិ (Nishimura Yasutoshi) ធ្វើការកត់សម្គាល់ខាងលើ ក្នុងកម្មវិធីជជែកមួយនៃស្ថានីយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃអាទិត្យនេះ។ រដ្ឋាភិបាលជប៉ុន ធ្លាប់បានចាត់វិធានការរឹតត្បិតលើការជួបជុំគ្នាម្ដងរួចមកហើយ តែត្រូវបានបន្ធូរបន្ថយកាលពីប៉ុន្មានខែថ្មីៗនេះ។

បើតាមលោក នីស៊ីមូរ៉ា រដ្ឋាភិបាលជប៉ុនក៏នឹងពិចារណា ថាតើត្រូវសងប្រាក់ទៅឱ្យអតិថិជន ដែលបានកក់សំបុត្រធ្វើដំណើរកម្សាន្ត តាមរយៈយុទ្ធនាការទេសចរណ៍ នៅស្រុកក្នុងដែលត្រូវបានផ្អាកមួយផ្នែកកាលពីថ្ងៃសៅរ៍ម្សិលមិញ យ៉ាងដូចម្ដេចផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ជប៉ុនមានអ្នកឆ្លង COVID-19 សរុប ១២៧,៦៦៥ ក្នុងនោះស្លាប់ ១,៩៦៣នាក់ និងជាសះស្បើយឡើងវិញ ១០៩,៨៩២នាក់៕