(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ច្រើនជាង៣០០ករណីថ្មី ៥ថ្ងៃជាប់ៗគ្នា ខណៈ វិធានការរឹតត្បិតនានា អាចនឹងត្រូវដាក់ឱ្យអនុវត្តឡើងវិញ បើសិនជាករណីឆ្លងនៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង គិតពេញមួយថ្ងៃសៅរ៍ម្សិលមិញ អ្នកឆ្លង COVID-19 ៣៣០នាក់ ត្រូវបានរាយការណ៍ តែតួលេខនេះមានការថយចុះ បើធៀបទៅនឹងកាលពីថ្ងៃសុក្រ ដែលមានអ្នកឆ្លង ៣៨៦នាក់ និងជាតួលេខអ្នកឆ្លងខ្ពស់បំផុត ចាប់តាំងពីខែសីហាមក។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ក៏បានរកឃើញអ្នកស្លាប់ថ្មី ២នាក់ផងដែរ ហើយបើបូកបញ្ចូលទាំងតួលេខ អ្នកស្លាប់ និងឆ្លងថ្មីខាងលើ ធ្វើឱ្យកូរ៉េខាងត្បូង មានអ្នកឆ្លង COVID-19 សរុប ៣០,៧៣៣នាក់ ក្នុងនោះស្លាប់ ៥០៥នាក់ និងជាសះស្បើយឡើងវិញ ២៦,៤៦៦នាក់៕