(តៃប៉ិ)៖ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់បាននឹងកំពុងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈកិច្ចសន្ទនាសេដ្ឋកិច្ចថ្មីមួយ ដែលទើបបង្កើតឡើងមុនអាណត្តិរបស់លោក ដូណាល់ ត្រាំ ត្រូវឈានដល់ទីបញ្ចប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ០៥ឆ្នាំ ដើម្បីបង្កើតកិច្ចសន្ទនាក្នុងភាពជាដៃគូសេដ្ឋកិច្ច ដោយប្រការនេះមានន័យថា កិច្ចប្រជុំនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។ កិច្ចព្រមព្រៀងនេះ «មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឡើយ» ប៉ុន្តែវាគឺជាជំហានដ៏សំខាន់មួយ ដើម្បីបង្កើនចំណងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ។ យោងតាមទិន្នន័យចុងក្រោយ ពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា កាលពីឆ្នាំ២០១៩ ពាណិជ្ជកម្មរវាងអាមេរិកជាមួយកោះតៃវ៉ាន់ មានទឹកប្រាក់សរុបជិត ១០៤ពាន់លានដុល្លារ។

លោក ប្រិនត៍ គ្រីស្ទិនសិន (Brent Christensen) នាយកវិទ្យាស្ថានអាមេរិកប្រចាំទីក្រុងតៃប៉ិ បានគូសបញ្ជាក់ថា កិច្ចពិភាក្សាសេដ្ឋកិច្ចរវាងអាមេរិក និងកោះតៃវ៉ាន់ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចល្អនោះទេ ប៉ុន្តែវានឹងបន្តធ្វើឲ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។ រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នានោះទេ។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែសីហាកន្លងទៅ កោះតៃវ៉ាន់បានប្រកាសបន្ធូរបន្ថយការរឹតត្បិតលើការនាំចូលសាច់គោ និងសាច់ជ្រូកពីសហរដ្ឋអាមេរិក តាមរយៈការបន្ថយរបាំងពាណិជ្ជកម្មសម្រាប់អាជីវកម្មអាមេរិក ដែលត្រូវបានគេរំពឹងថា នឹងជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាពាណិជ្ជកម្មបន្តទៀត។

គួរបញ្ជាក់ថា កិច្ចពិភាក្សាលើកនេះគឺផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមមានសន្តិសុខលើប្រព័ន្ធអ៊ីធើណិតចុងក្រោយបំផុត 5G, semiconductors, ក៏ដូចជាការវិនិយោគបន្ថែមលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងការបរទេសកោះតៃវ៉ាន់លោក ចូសិព វូ (Joseph Wu) បានហៅកិច្ចសន្ទនាសេដ្ឋកិច្ចនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់៕