(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិកទើបតែបញ្ចេញ បញ្ជីឈ្មោះមូលដ្ឋានយោធាចំនួន 0៦ ដែលនឹងអាចក្លាយទីស្នាក់ការកណ្តាលរបស់ កងទ័ពអវកាសអាមេរិកហៅកាត់ថា USSF។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយវាយតម្លៃលើទីតាំងជាច្រើនតាមរដ្ឋសរុបចំនួន ២៤ ក្នុងចំណោមរដ្ឋ ៥០ ទូទាំងសហរដ្ឋអាមេរិក យោធាអាមេរិកសម្រិតសម្រាំងបាន ០៦ជម្រើសចុងក្រោយ រួមមានមូលដ្ឋានទ័ពអាកាស ឃឺតលែនដ៍ (Kirtland) នៅរដ្ឋញូមិចស៊ីកូ (New Mexico), មូលដ្ឋានទ័ពអាកាស ផេទ្រីក (Patrick) នៅរដ្ឋផ្លូរីដា, មូលដ្ឋានទ័ពអាកាស អូហ្វហ្វុត (Offutt) នៅរដ្ឋណេប្រាស្កា (Nebraska), មូលដ្ឋានទ័ព រ៉េដស្តូន អាសេណល (Redstone Arsenal) នៅរដ្ឋអាឡាបាម៉ា, មូលដ្ឋានទ័ព សាន់ អាន់តូនីញ៉ូ (San Antonio) នៅរដ្ឋតិចសាស់ និងមូលដ្ឋានទ័ពអាកាស ភីធើសុន (Peterson) នៅរដ្ឋ ខូឡូរ៉ាដូ (Colorado) ជាកន្លែងទីបញ្ជាការដ្ឋានផ្នែកអវកាសអាមេរិកស្ថិតនៅបច្ចុប្បន្ន។

គួរបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយ អាចនឹងធ្វើឡើងឆាប់បំផុតនៅខ្ទង់ដើមឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែការផ្លាស់ទីតាំងផ្ទាល់តែម្តងនោះ ប្រហែលជាមិនទាន់អាចប្រព្រឹត្តទៅភ្លាមៗឡើយ រហូតទាល់តែដល់ឆ្នាំ២០២៦ឯណោះ។ សម្រាប់ពេលនេះ កងទ័ពអវកាសអាមេរិកមិនទាន់មានមនុស្ស ដែលនឹងត្រូវបញ្ជូនទៅកាន់ទីអវកាសនៅឡើយទេ ហើយខ្លួនក៏ទើបតែបានបាញ់បញ្ជូន ផ្កាយរណបបានមួយគ្រឿងដំបូងប៉ុណ្ណោះ។ ប៉ុន្តែយោធាអាមេរិកជារួមគឺមានផ្កាយរណប និងសម្ភារៈជាច្រើនក្នុងទីអវកាស អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយគ្រាន់តែការទទួលខុសត្រូវលើពួកវា ត្រូវបានបែងចែងរវាងអង្គភាពយោធាខុសៗគ្នា៕