(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោននឹងដាក់ក្រុមហ៊ុនចិនចំនួនបួនបន្ថែមទៀត ទៅក្នុងបញ្ជីឈ្មោះនៃក្រុមហ៊ុនគាំទ្រដោយយោធាចិន ដោយវានឹងហាមឃាត់ក្រុមហ៊ុនចិនទាំងនោះ មិនឱ្យធ្វើពាណិជ្ជកម្មជាមួយវិនិយោគិនអាមេរិក ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបន្តព្យាយាមពង្រឹងគោលនយោបាយប្រឆាំងចិន ទោះបីជានឹងត្រូវផុតអាណត្តិពីរខែទៀតក្តី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២០។

ការដាក់ទណ្ឌកម្មបន្ថែមនេះ នឹងនាំឱ្យក្រុមហ៊ុនចិនចំនួន ៣៥ រងផលប៉ះពាល់។ ការបង្កើតបញ្ជីឈ្មោះនៃក្រុមហ៊ុនចិន ដែលជាប់ទាក់ទងជាមួយយោធាចិននេះ ត្រូវបានកំណត់ចេញដោយច្បាប់អាមេរិកកាលពីឆ្នាំ១៩៩៩ ដែលតម្រូវឱ្យមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក ចងក្រងជាបញ្ជីរាយនាមក្រុមហ៊ុន ដែលគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជនចិន ប៉ុន្តែក្រសួងការពារជាតិអាមេរិក ទើបតែបានអនុវត្តតាមនៅឆ្នាំនេះតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរចុងក្រោយនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានចេញបទបញ្ជាប្រតិបត្តិមួយ ដែលបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Reuters ដែលបានហាមឃាត់វិនិយោគិនអាមេរិក ពីការទិញមូលប័ត្រពីក្រុមហ៊ុនដែលបានចុះបញ្ជីខ្មៅ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ បើតាមក្រុមអ្នកជំនាញអាមេរិក បទបញ្ជានេះទំនងជាមិនអាចធ្វើឱ្យក្រុមហ៊ុនចិន រងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ព្រោះតែដែនកំណត់របស់វានៅមានកម្រិត រួមបញ្ចូលទាំងភាពមិនប្រាកដប្រជា នៃជំហររបស់អនាគតរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន (Joe Biden) ដែលនឹងចូលមកកាន់កាប់សេតវិមានក្នុងពេលឆាប់ៗនេះ៕