(ម៉ូស្គូ)៖ មជ្ឈមណ្ឌលឆ្លើយតបជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សី នៅថ្ងៃសុក្រនេះបានកត់ត្រានូវករណីឆ្លងថ្មីៗជាង ២៤,៣០០នាក់បន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយទៀត។ ប្រការនេះបាននាំឲ្យករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងដល់ជិត ២,០៣០,០០០ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលឆ្លើយតប COVID-19 នៃប្រទេសរុស្សី ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗខាងលើ ៦,៩០២ករណីត្រូវបានរាយការណ៍ចេញពីទីក្រុងម៉ូស្គូ ដែលបាននាំឲ្យករណីឆ្លងសរុប នៅក្នុងរដ្ឋធានីមួយនេះកើនឡើងដល់ជិត ៥៤០,០០០ករណី។ ក្រៅពីការកើនឡើងយ៉ាងគំហុកនៃចំនួនករណីឆ្លង COVID-19 នេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ជាង ៣៥,៣០០នាក់ផងដែរ ខណៈអ្នកជំងឺសរុបជាង ១,៥៥០,០០០នាក់ហើយបានជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសរុស្សីបានពិនិត្យសំណាករក COVID-19 លើមនុស្សជាង ៧១.២លាននាក់ហើយនៅទូទាំងប្រទេស៕