(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អនុរដ្ឋលេខាធិការស្ដីទីទទួល បន្ទុកគោលនយោបាយ នៃក្រសួងការពារជាតិអាមេរិក លោក Anthony Tata បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារ ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Anthony Tata គឺជាមន្រ្តីជាន់ខ្ពស់ម្នាក់ ក្នុងចំណោមមន្រ្តីការពារជាតិជាន់ខ្ពស់អាមេរិកជាច្រើននាក់ ដែលបានជួបជាមួយរដ្ឋមន្រ្តីការពារជាតិលីទុយអានី (Lithuania) លោក Raimundas Karoblis ដែលបានឆ្លងវីរុសកូរ៉ូណា (COVID-19) នេះ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក Karoblis ក៏បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិស្តីទីអាមេរិក លោក Chris Miller និងលេខាធិការនៃកងទ័ពជើងគោក, កងទ័ពជើងទឹក និងកងទ័ពអាកាសអាមេរិក ផងដែរ។មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះ៖ថា «យើងបាន និងកំពុងបន្តធ្វើការតាមដានបន្ថែមទៀតចំពោះបុគ្គលិក ក្រសួងការពារជាតិអាមេរិក ដែលមានទំនាក់ទំនងជិតស្និទជាមួយគណៈប្រតិភូលីទុយអានី និងលោក Anthony Tata»។

គួរបញ្ជាក់ថា បើយោងតាមសាកលវិទ្យាល័យ ចន ហបឃីនស៍ (Johns Hopkins) រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅ ទូទាំងប្រទេសចំនួន ១១,៧១៣,២៤២ករណី ក្នុងនោះស្លាប់ ២៥២,៥១៤នាក់៕