(ភ្នំពេញ)៖ កូនខ្មែរមួយរូប ដែលបានចាកចេញពីប្រទេសកម្ពុជា កាលពីឆ្នាំ១៩៧៩ ពេលដែលប្រទេសជាតិរួចផុតពីរបបខ្មៅងងឹង ប៉ុល ពត ក្នុងវ័យទើបតែ៦ខែ គឺលោក ឌី សាវុទ្ធី រហូតមកដល់ពេលនេះ លោកវ័យជាង៤០ឆ្នាំ និងមានជំនាញធ្វើម្ហូបបែបអឺរ៉ុប និងអ៊ីតាលី ក៏ចង់ចែករំលែក ស្នាដៃរបស់ខ្លូន ដល់បងប្អូនរួមជាតិជាមួយគ្នា ដោយលោកបានសម្រេចចិត្តមកបើកហាងអាហារបែបអឺរុបមួយ នៅក្នុងប្រទេសកម្ពុជា មានឈ្មោះថា «Pacific Pasta Co.» នៅក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រចូលញ៉ាំពីបងប្អូនខ្មែរ និងបរទេសយ៉ាងច្រើន។

ស្ថិតក្នុងសម្ដីសម្ដៅនិយាយខ្មែរមិនសូវច្បាស់ លោក ឌី សាវុទ្ធី ម្ចាស់ភោជនីយដ្ឋាន «Pacific Pasta Co.» បានថ្លែប្រាប់ Fresh News Plus ឲ្យដឹងថា លោកគឺជាកូនខ្មែរម្នាក់មានដើមកំណើតនៅខេត្តព្រៃវែង ដែលបានចាកចេញពីប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៧៩ ពោលគឺតាំងពីលោកមានវ័យ៦ខែមកម្ល៉េះ ហើយទៅរស់នៅសហរដ្ឋអាមេរិករហូតដល់សព្វថ្ងៃ។ ពេលលោកពេញវ័យ ដោយមានចំណូលចិត្តផ្នែកចុងភៅ ទើបតស៊ូសិក្សាជំនាញនេះរហូតដល់ចប់ ហើយក៏ទៅបន្តការសិក្សា និងធ្វើជាចុងភៅនៅក្នុងប្រទេសអ៊ីតាលី រយៈពេល២ឆ្នាំបន្ថែមទៀត។ លោកបន្ត ថា ដោយនឹករឭកស្រុកកំណើត គឺទឹកដីប្រទេសកម្ពុជា និងចង់ឲ្យបងប្អូនខ្មែរភ្លក្សស្នាដៃម្ហូបរបស់ខ្លួន ទើបលោកសម្រេចមកប្រទេសកម្ពុជាម្នាក់ឯងកាលពីខែមិថុនា ឆ្នាំ២០២០ ដើម្បីស្វែងរកទីតាំងបើកហាងអាហារមួយ បំរើសេវាកម្មម្ហូបអឺរ៉ុបនិង អ៊ីតាលី ដោយលោកជាអ្នកធ្វើផ្ទាល់ដៃជូនភ្ញៀងតែម្ដង។

ម្ចាស់ហាង «Pacific Pasta Co.» ដែលនៅតែមានមនោសញ្ចេតនា ស្រលាញ់បងប្អូនរួមជាតិសាសន៍ជាមួយគ្នារូបនេះ បានសង្កត់ធ្ងន់ថា លោកពិតជាសប្បាយចិត្ត ដែលបានមករកស៊ីនៅមាតុភូមិកំណើតវិញ និង បានដំណើរការហាងអាហារ នៅទីតាំងមួយនៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ។ ហាង «Pacific Pasta Co» មានសេវាលក់អាហារគ្រប់ប្រភេទ ដោយអាជីវកម្មរបស់លោក ចាប់តាំងពីបើកដំណើរការមក គឺមានភ្ញៀវគាំទ្រទាំងខ្មែរ និង បរទេសចូលញ៉ាំមកជាហូរហែ ជាពិសេសគឺបងប្អូនខ្មែរយើងតែម្ដង។ លោកគ្រោងនឹងបើកសាខាថ្មីៗបន្ថែមទៀត ក្នុងពេលបន្តបន្ទាប់ ក្រោយពីភោជនីយដ្ឋាន អាហារ «Pacific Pasta Co.» ទទួលជោគជ័យ។

លោក ឌី សាវុទ្ធី បន្តថា នេះជាហាងលើកដំបូង ដែលលោកចំណាយទុនអស់ប្រមាណ១២ម៉ឺនដុល្លារ ដើម្បីបើកដំណើរការ បន្ទាប់ពីមានចំណេះជំនាញ និង មានបទពិសោធន៍ផ្នែកចុងភៅ អស់រយៈពេលជាច្រើនឆ្នាំ នៅឯបរទេស។ បើទោះបីជាលោកបានបង្រៀនជំនាញផ្នែកធ្វើប៉ាស្តាដល់ចុងភៅខ្មែរ ឲ្យកាន់តែមានថ្វីដៃល្អបន្ថែមទៀតក្ដី តែលោកក៏នៅតែធ្វើជាចុងភៅដោយផ្ទាល់ខ្លួនឯងដែរ ដើម្បីឲ្យជំនាញនេះមិនបាត់បង់ និងកាន់តែយល់ដឹងពីរសជាតិម្ហូបបន្ថែមទៀតកាន់តែច្រើន។ ក្នុងហាងរបស់លោក ក៏មានលក់ស្រាក្រឡុក និង មានភ្លេងកំដរផងដែរ។

ជាមួយគ្នានេះលោកក៏នឹងគ្រោងពង្រឹងអាជីវកម្មឲ្យរីកចំរើន ដោយតម្រូវឲ្យលោកត្រូវធ្វើដំណើរទៅមកៗ រវាងប្រទេសកម្ពុជា និងអាមេរិក ដើម្បីមើលការខុសត្រូវ ទៅលើហាងអាហារទាំងនេះពេលជោគជ័យ។ លោកក៏ទទូចដល់អ្នកដែលចង់សាកអាហាររបស់អ៊ីតាលី និងអឺរ៉ុប សូមមកភ្លក្សអាហារនៅក្នុងហាងថ្មីរបស់លោក ដោយ ភ្ញៀវជាច្រើននាក់ ដែល មកកាន់ហាងរបស់លោក គឺជក់ចិត្តនឹងស្នាដៃរបស់លោក ហើយបានត្រឡប់មកញ៉ាំនៅហាងលោកវិញ ជាបន្តបន្ទាប់។ នៅក្នុងហាង «Pacific Pasta Co.» ក៏មានស្តេកសាច់ចៀម និង សាច់ផ្សេងៗ ដែលចំអិនដោយចុងភៅជំនាញផ្សេងទៀតផងដែរ៕