(ប៉េកាំង)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន អានហ៊ុយ ជីហ្វៃ ឡុងខម (Anhui Zhifei Longcom Biopharmaceutical) បានចាប់ផ្ដើមការធ្វើតេស្ដបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួនក្នុងដំណាក់កាលទី ៣ហើយ ដោយមានគម្រោងជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដនេះ ២៩,០០០នាក់មកពីជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Anhui Zhifei Longcom ដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយវិទ្យាស្ថានមីក្រូជីវសាស្ត្រ (Institute of Microbiology) នៃរាជបណ្ឌិតសភាវិទ្យាសាស្ត្រចិន ទទួលបានការអនុញ្ញាតធ្វើតេស្ដលើមនុស្ស ពីរដ្ឋបាលជាតិផលិតផលវិជ្ជសាស្ត្រចិន កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅ ដោយការធ្វើតេស្ដក្នុងដំណាក់កាលទី ១ និងដំណាក់កាលទី ២ បានចាប់ផ្ដើមកាលពីថ្ងៃទី២៣ ខែមិថុនា។ លទ្ធផលនៃការធ្វើតេស្ដទាំងពីរនេះបានបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព និងអាចជំរុញអង់ទីករឲ្យប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) បានយ៉ាងមានប្រសិទ្ធភាព។

ក្រុមហ៊ុន Anhui Zhifei Longcom បានបញ្ជាក់ទៀតថា ការធ្វើតេស្ដវ៉ាក់សាំងក្នុងដំណាក់កាលទី៣ ដែលមានគម្រោងជ្រើសរើសអ្នកស្ម័គ្រចិត្ត ២៩,០០០នាក់មានអាយុ ១៨ឆ្នាំឡើងទៅ បានចាប់ផ្ដើមកាលពីថ្ងៃពុធ ក្នុងទីក្រុងសៀងតាន (Xiangtan) នៃខេត្តហ៊ូណាន (Hunan)។ ចំណែកឯ ការធ្វើតេស្ដបន្ទាប់នឹងចាប់ផ្ដើមក្នុងប្រទេសអ៊ូបេគីស្ថាន នៅចុងខែវិច្ឆិកានេះ ហើយបន្ទាប់មកនៅប្រទេសឥណ្ឌូណេស៊ី, ប៉ាគីស្ថាន និងអេក្វាដ័រ។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ចិនមានបេក្ខភាពវ៉ាក់សាំង COVID-19 ចំនួន 0៥ ដែលកំពុងស្ថិតក្នុងការ ធ្វើតេស្ដលើមនុស្សក្នុងដំណាក់កាលទី ៣ នៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ប្រេស៊ីល ប៉ាគីស្ថាន និងប៉េរូ៕