(ឡុងដ៍)៖ មន្ត្រីរាជវាំងនៃចក្រភពអង់គ្លេសបានប្រកាសឲ្យដឹងថា ព្រះអង្គម្ចាស់ វីលៀម (William) បានស្វាគមន៍ ចំពោះការស៊ើបអង្កេតឯករាជ្យមួយ ជុំវិញបទសម្ភាសន៍របស់សារព័ត៌មាន BBC កាលពីឆ្នាំ១៩៩៥ ជាមួយព្រះមាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី ដាយអាណា (Diana)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ព្រះអង្គម្ចាស់ William បានមានបន្ទូលនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការស៊ើបអង្កេតនេះ គឺជាជំហានមួយឈានទៅរកភាពត្រឹមត្រូវ ដែលវាគួរតែជួយបង្ហាញពីការពិតនៅពីក្រោយសកម្មភាព ដែលនាំឲ្យមានការសម្ភាសន៍ ក៏ដូចជាការសំរេចចិត្តជាបន្តបន្ទាប់ ដែលធ្វើឡើងដោយអ្នកសារព័ត៌មាន BBC នៅពេលនោះ»

សារព័ត៌មាន BBC បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានតែងតាំងចៅក្រមជាន់ខ្ពស់ ដែលចូលនិវត្តន៍ម្នាក់ ដើម្បីដឹកនាំការស៊ើបអង្កេតលើបទសម្ភាសន៍ កាលពីឆ្នាំ១៩៩៥ បន្ទាប់ពីព្រះអនុចនៃម្ចាស់ក្សត្រី Diana គឺព្រះអង្គម្ចាស់ ឆាល ស្ពិនសឺ (Charles Spencer) បានធ្វើតវ៉ាជាថ្មីនៅក្នុងខែវិច្ឆិកានេះថា អ្នកសារព័ត៌មានម្នាក់គឺលោក ម៉ាទីន បាហ្សឺ (Martin Bashir) បានប្រើឯកសារមិនពិត និងកលល្បិចផ្សេងៗទៀត ដើម្បីបញ្ចុះបញ្ចូលឲ្យម្ចាស់ក្សត្រី Diana យល់ព្រមទទួលការសម្ភាសន៍នោះ។

គួរបញ្ជាក់ថា បទសម្ភាសន៍កាលពីឆ្នាំ១៩៩៥ ដែលម្ចាស់ក្សត្រី Diana បានមានបន្ទូលថា «មានយើងបីនាក់ នៅក្នុងអាពាហ៍ពិពាហ៍នេះ» ដែលទ្រង់ចង់សំដៅទៅលើទំនាក់ទំនងរបស់ ព្រះអង្គម្ចាស់ឆាល (Charles) ជាមួយនឹងលោកស្រី ខាមីលឡា (Camilla Parker-Bowles) នោះ ត្រូវបានទស្សនាដោយមនុស្សរាប់លាននាក់ និងបានចែកចាយតៗគ្នា ដែលធ្វើឲ្យញ័ររញ្ជួយដល់រាជវង្សអង់គ្លេសយ៉ាងខ្លាំង។ ម្ចាស់ក្សត្រី Diana បានលែងលះពីព្រះអង្គម្ចាស់ Charles កាលពីឆ្នាំ១៩៩៦ ហើយព្រះនាងបានសោយទិវង្គត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ១៩៩៧។ បន្ទាប់មកព្រះអង្គម្ចាស់ Charles ក៏បានរៀបអភិសេដជាមួយលោកស្រី Camilla៕