(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនលោក លីវ គុន (Liu Kun) នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសចិនបានធ្វើការបន្ធូរបន្ថយបំណុលកាន់តែច្រើនបន្ថែមទៀត ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់សរុបចំនួន ២.១ពាន់លានដុល្លារ ក្រោមក្របខ័ណ្ឌរបស់ក្រុមប្រទេស G20 ដែលជាចំនួននៃការបន្ធូរបន្ថយខ្ពស់បំផុត ធៀបនឹងបណ្តាសមាជិកផ្សេងៗទៀតរបស់ G20។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ការអត្ថាធិប្បាយរបស់លោក Liu ត្រូវបានធ្វើឡើង ស្របពេលដែលបណ្តាប្រទេសអាហ្វ្រិក បាននិងកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសកល COVID-19 និងវិបត្តិបំណុល ហើយត្រូវការរយៈពេលវែងបន្ថែមទៀត ពីលើកម្មវិធីដែលមានឈ្មោះ «គំនិតផ្តួចផ្តើមពន្យារបំណុល ឬ DSSI» របស់ក្រុមប្រទេស G20 ដើម្បីជៀសវាងបញ្ហានាពេលអនាគត និងរក្សាការវិនិយោគឲ្យបានកាន់តែច្រើន។ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន និងធនាគារចិនដែលជាម្ចាស់បំណុលទ្វេភាគី បានសម្រេចផ្អាកការទូទាត់បំណុលពីប្រទេសសរុបចំនួន ២៣ ដែលស្មើនឹងទំហំប្រាក់រហូតដល់ ១.៣៥ពាន់លានដុល្លារ។

បន្ថែមពីលើនេះ លោក Liu បានគូសបញ្ចាក់ទៀតថា ធនាគារអភិវឌ្ឍន៍ចិនក្នុងនាមជាម្ចាស់បំណុល ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងទំហំទឹកប្រាក់ ៧៤៨លានដុល្លារអាមេរិកនៅត្រឹមចុងខែកញ្ញាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទំហំទឹកប្រាក់ខាងលើនៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបជាមួយបំណុល ដែលប្រទេសកំពុងអភិវឌ្ឍន៍ជំពាក់ចិន។

យោងតាមការសិក្សាមួយរបស់ធនាគារពិភពលោក (WB) បានបង្ហាញថា បំណុលទ្វេភាគីផ្លូវការរបស់បណ្តាប្រទេសក្រីក្របំផុត ជាមួយក្រុមប្រទេស G20 មានសរុបរហូតដល់ទៅ ១៧៨ពាន់លានដុល្លារអាមេរិកឯណោះនៅក្នុងឆ្នាំ២០១៩ ក្នុងនោះ ៦៣ភាគរយនៃបំណុលសរុប គឺបានជំពាក់ប្រទេសចិន៕