(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថៃ្ងព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានជួបប្រជុំជាមួយបណ្តាអភិបាលរដ្ឋមកពីគណបក្សទាំងពីរ ហើយបានរិះគន់លោក ដូណាល់ ត្រាំ ក្នុងការប៉ុនប៉ងទប់ស្កាត់ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី ដោយលោកបានលើកឡើងថា វាកំពុងរារាំងដល់កម្មវិធីវ៉ាក់សាំងនៅអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ចូ បៃដិន បានរំលឹកឡើងវិញថា រដ្ឋបាលថ្មីរបស់លោកនឹងមិនដាក់ចេញនូវវិធានការរឹតត្បឹត នៅទូទាំងប្រទេសឡើយ ហើយក៏បានទទូចឲ្យរដ្ននានា គួរតែតម្រូវឲ្យមានការពាក់ម៉ាសនៅតាមទីសាធារណៈ ដែលអាចជួយសង្គ្រោះជីវិតពលរដ្ឋអាមេកាំង បានរាប់ម៉ឺននាក់។ នៅក្នុងសន្និសីទតាមវីដេអូជាមួយក្រុមសមាគមអភិបាលរដ្ឋ ដែលមានសមាជិកមកពីគណបក្សសាធារណរដ្ឋចំនួន ០៥រូប និងគណបក្សប្រជាធិបតេយ្យចំនួន ០៤រូប លោក បៃដិន បានកត់សម្គាល់ថា ជាអកុសលអនាគតរដ្ឋបាលថ្មីរបស់លោក មិនទាន់បានទទួលព័ត៌មានដែលលោកត្រូវការនោះឡើយ។

ទន្ទឹងគ្នានេះ លោក បៃដិន ក៏បានលើកឡើងជាពិសេសអំពីប្រតិបត្តិការជំរុញល្បឿន (Warp Speed) ស្ថិតក្នុងភាពជាដៃគូរវាងរដ្ឋាភិបាលសហព័ន្ធ ជាមួយក្រុមហ៊ុនឱសថឯកជន ដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 ផងដែរ។ នៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភា មកពីគណបក្សសាធារណរដ្ឋលោក ឡារី ហូហ្គេន (Larry Hogan) នៃរដ្ឋម៉ារីឡេនដ៍ (Maryland), លោក អាសា ហូតឈីនសុន (Asa Hutchinson) នៃរដ្ឋ អាកាសន់សាស់ (Arkansas), លោកស្រី ខាយ អ៉ីវី (Kay Ivey) នៃរដ្ឋអាឡាបាម៉ា (Alabama), លោក ឆាលី បេខឺ (Charlie Baker) នៃរដ្ឋ ម៉ាស្សាជូសេតស៍ (Massachusetts) និងលោក ហ្គេរី ហឺប៊ឺត (Gary Herbert) នៃរដ្ឋយូតាហ៍ (Utah) លោក បៃដិន បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ លោកមិនទាន់បានទទួលព័ត៌មានពាក់ព័ន្ធទៅនឹងប្រតិបត្តិការ Warp Speed នៅឡើយទេ ប៉ុន្តែលោកនឹងយកអ្វីដែលលោកទទួលបាននៅថ្ងៃនេះ ដើម្បីបង្កើតផែនការចំបាច់។

លោក បៃដិន បានសង្កត់ធ្ងន់ថា លោកចង់ឃើញភាពជាដៃគូពិតប្រាកដរវាងរដ្ឋនានា និងអនាគតរដ្ឋាភិបាលសហព័ន្ធ។ បន្ថែមពីលើនេះ លោក បៃដិន បានសន្យាថា អភិបាលនានានឹងទទួលបានធនធានដែលរដ្ឋត្រូវការ ដើម្បីកម្ចាត់វីរុសដ៏កាចសាហាវមួយនេះ ហើយលោកនឹងបើកកិច្ចប្រជុំស្រដៀងគ្នានេះ ជាមួយអភិបាលរដ្ឋនានាឲ្យកាន់តែញឹកញាប់ជាងនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនលោក បៃដិន ធ្លាប់បានរិះគន់ថា ការបដិសេធមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត បានធ្វើឲ្យពលរដ្ឋអាមេរិកាំងមើលឃើញ ពីភាពគ្មានការទទួលខុសត្រូវរបស់លោក ដូណាល់ ត្រាំ។ លោក បៃដិន បានថ្លែងទៀតថា រាល់សកម្មភាពរបស់លោក ត្រាំ ក៏ជាការបញ្ចេញសារដែលមិនគួរឲ្យជឿ ទៅកាន់ពិភពលោកទាំងមូល អំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅអាមេរិកផងដែរ ហើយអ្វីដែលលោក ត្រាំ កំពុងធ្វើនៅពេលនេះ នឹងក្លាយជាប្រវត្តិសាស្ត្រក្នុងនាមជាប្រធានាធិបតីមួយរូប ដែលខ្វះភាពទទួលខុសត្រូវបំផុត៕