(សេអ៊ូល)៖ នៅក្នុងរបាយការណ៍សន្តិសុខប្រចាំឆ្នាំ របស់ក្រុមអ្នកជំនាញអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញថា ប្រទេសកូរ៉េខាងជើងគឺជា «ការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ» ដល់ផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក ខណៈដែលប្រទេសឯកោមួយនេះ នៅបន្តជំរុញសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Yonhap នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមការតាមដានសន្ទស្សន៍ នៃកម្លាំងយោធាសម្រាប់ឆ្នាំ២០២១ របស់សហរដ្ឋអាមេរិក ដែលជារបាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយដោយមូលនិធិ ហឺរីថេច (Heritage Foundation) បានកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងជាប់ចំណាត់ថ្នាក់ «ខ្ពស់» លើកម្រិតនៃការគំរាមកំហែង ពោលគឺខ្ពស់លំដាប់ទី ២ ក្នុងចំណោមការវាយតម្លៃទាំង ៥ កម្រិត ឈរនៅជាមួយប្រទេសរុស្ស៊ី អ៉ីរ៉ង់ និងចិន។ កម្រិតនៃការគំរាមកំហែងរបស់កូរ៉េខាងជើង គឺមិនបានផ្លាស់ប្តូរឡើយ បើធៀបទៅនឹងឆ្នាំមុន។

បើគិតពីសមត្ថភាពវិញ ប្រទេសកូរ៉េខាងជើងគឺស្ថិតនៅក្នុងចំណាត់ថ្នាក់ «ប្រមូលផ្តុំ» ឈរនៅពីក្រោយកម្រិតខ្ពស់បំផុត ដូចទៅនឹងប្រទេសអ៉ីរ៉ង់ដែរ។ សហរដ្ឋអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់បណ្តាប្រទេសសម្ព័ន្ធមិត្តបានវាយតម្លៃថា ទីក្រុងព្យុងយ៉ាងបានទទួលជោគជ័យ ក្នុងការអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែរ បំពាក់ទៅលើគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួន និងមានសមត្ថភាពវាយប្រហារដល់ទ្វីបអាមេរិក ជាមួយនិងមីស៊ីលដែលខ្លួនមាននោះ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បង អាវុធនុយក្លេអ៊ែរសរុបចំនួន ០៦លើកមកហើយ និងបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចំនួន ០៣លើកនៅក្នុងឆ្នាំ២០១៧។ ប្រទេសកូរ៉េខាងជើងបានបង្ហាញគ្រាប់មីស៊ីលអន្តរទ្វីប (ICBM) ដ៏ធំបំផុតដែលមិនធ្លាប់មាន អំឡុងនៃព្យុហយាត្រាយោធា ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតគណបក្សកម្មករកូរ៉េ កាលពីខែមុន។

របាយការណ៍ដដែលបានកត់សម្គាល់ថា កូរ៉េខាងជើងមិនទាន់បានធ្វើតេស្ត គ្រាប់មីស៊ីលប្រភេទថ្មីដ៏ធំសម្បើមនេះនៅឡើយទេ។ យោងតាមការវាយតម្លៃរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃសហរដ្ឋអាមេរិកបានឲ្យដឹងថា គ្រាប់មីស៊ីលអន្តរទ្វីបថ្មីនេះមានសមត្ថភាព បាញ់ដល់ទឹកដីសហរដ្ឋអាមេរិក៕