(កង់បេរ៉ា)៖ មន្ត្រីយោធាជាន់ខ្ពស់អូស្ត្រាលីម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះបានទទួលស្គាល់ ចំពោះភស្តុតាងគួរឱ្យទុកចិត្តមួយដែលបានថា កងកុម្ម៉ង់ដូពិសេសរបស់លោក បានសម្លាប់ជនស៊ីវិល និងអ្នកទោសអាហ្វហ្គានីស្ថានយ៉ាងហោច ៣៩នាក់ ដោយខុសច្បាប់ ហើយដែលទង្វើនេះអាចនឹងត្រូវបានស៊ើបអង្កេត ដោយក្រុមរដ្ឋអាជ្ញាពីបទឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ការសារភាពទទួលស្គាល់ពីសំណាក់ នាយឧត្ដមសេនីយ៍ អាងហ្កឹស ខេមប៊ែល (Angus Campbell) ជាមេបញ្ជាការ នៃកងកម្លាំងការពារជាតិអូស្រ្ដាលីខាងលើនេះ បានកើតមានឡើងបន្ទាប់ពី លទ្ធផលនៃការស៊ើបអង្កេត អស់ពេលជាយូរណាស់មកហើយ ត្រូវបានចេញផ្សាយ ដោយរៀបរាប់អំពីអាកប្បកិរិយា នៃយោធាអូស្ត្រាលី ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពេលថ្មីៗនេះ។

លោកឧត្ដមសេនីយ៍ Campbell ក៏បានសូមទោសប្រជាជនអាហ្វហ្គានីស្ថានផងដែរ ជាមួយការបញ្ជាក់ថា មេដាយកិត្តិយស ដែលត្រូវបានផ្ដល់ជូនកងកម្លាំងពិសេសអូស្រ្ដាលី ដែលបានបម្រើការងារក្នុងប្រទេសអាហ្វហ្គានីស្ថាន ពីចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ គួរតែត្រូវបានដកយកមកវិញ។ លោក Campbell បន្ថែមទៀតថា កងកម្លាំងពិសេសអូស្រ្ដាលី ២៥នាក់ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តទោសកំហុស នៅក្នុងឧប្បដិហេតុដែលកើតឡើងចំនួន ២៣លើក។

គួរបញ្ជាក់ថា ក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក យោធាអូស្ត្រាលីច្រើនជាង ២៦,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វហា្គនីស្ថាន ដើម្បីជួយយោធាអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមតាលីបង់ ក្រុមអាល់កៃដា និងក្រុមភេរវករដទៃទៀត។ យោធាប្រយុទ្ធអូស្រ្តាលី ត្រូវបានដកចេញពីទីនោះវិញនៅឆ្នាំ២០១៣ ក៏ប៉ុន្តែក្រោយមកមានការចោទប្រកាន់ជាបន្តបន្ទាប់ថា យោធាអូស្ត្រាលីមានជាប់ពាក់ព័ន្ធ ទៅនឹងឧក្រិដ្ឋសកម្មសង្រ្គាម ខណៈសូម្បីតែយោធាអាមេរិក ក៏ត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម ក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ៕