(ហាវ៉ៃ)៖ កាលពីដើមសប្តាហ៍នេះ យោធាអាមេរិកបានទទួលជោគជ័យជាលើកដំបូង ក្នុងការធ្វើតេស្តបាញ់កម្ទេច គោលដៅជាមីស៉ីលផ្លោងឆ្លងទ្វីប (ICBM) ដោយប្រើប្រាស់មីស៉ីល ដែលបាញ់ចេញពីនាវាចម្បាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារការពារការវាយប្រហារដោយមីស៉ីល នៃសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមមន្រ្តីយោធា និងនាវិកនៅលើនាវាចម្បាំង USS John Finn បានបាញ់កម្ទេចគោលដៅ ដែលជាមីស៉ីលផ្លោងឆ្លងទ្វីប ICBM ដោយជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធមីស៉ីល SM-3 ដែលបំពាក់នៅលើនាវា កំឡុងការធ្វើតេស្តមួយ នៅលើដែនសមុទ្រភាគឦសានកោះហាវ៉ៃ។ គោលដៅជាប្រភេទគ្រាប់មីស៊ីល ICBM នោះ ត្រូវបានបាញ់ចេញមកពីទីតាំងធ្វើតេស្តរបស់យោធាអាមេរិក នៅឯប្រជុំកោះ ម៉ាហ្សាល (Marshall) ហើយត្រូវបាញ់ស្កាត់បានសម្រេច នៅភាគឦសានកោះហាវ៉ៃ។

គួរបញ្ជាក់ថា ការធ្វើតេស្តបាញ់ស្ទាក់ ICBM ដោយជោគជ័យនាពេលកន្លងមក គឺយោធាអាមេរិកបានប្រើតែប្រព័ន្ធការពារមីស៉ីល ដែលមានមូលដ្ឋាននៅលើដីគោកប៉ុណ្ណោះ រួមមាននៅរដ្ឋអាឡាស្កា និងរដ្ឋកាលីហ្វរញ៉ា។ យោធាអាមេរិកបានលើកឡើងថា ការមានសមត្ថភាព ដើម្បីបាញ់កម្ទេចមីស៉ីល ICBM ដោយប្រើនាវាចម្បាំងបែបនេះ កាន់តែធ្វើឲ្យសមត្ថភាពការពារមីស៉ីល ជារួមរបស់សហរដ្ឋអាមេរិក រឹងមាំខ្លាំងជាងមុន៕