(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បាននិយាយថា មនុស្សកាន់តែច្រើននាក់បន្ថែមទៀតនឹងត្រូវស្លាប់ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តរារាំងការផ្ទេរអំណាច ចំពោះមុខស្ថានការណ៍ COVID-19 ក្នុងសហរដ្ឋអាមេរិក ដែលកំពុងវិវឌ្ឍកាន់តែអាក្រក់ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយក្នុងទីក្រុង វីលមីងតុន (Wilmington) នៃរដ្ឋ ឌែលឡាវែរ (Delaware) ក្រោយជួបផ្លាស់ប្ដូរយោបល់ជាមួយក្រុមនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនកំពូលៗរបស់សហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំសហជីព នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។
នៅពេលត្រូវបានអ្នកសារព័ត៌មានសួរ អំពីផលវិបាកដែលលោក ត្រាំ កំពុងបង្កការរាំងស្ទះដល់ការផ្ទេរអំណាច លោក បៃដិន បានលើកឡើងដូច្នេះថា «យើងកំពុងឈានចូលរដូវរងារ ដែលវានឹងធ្វើឱ្យស្ថានការណ៍ COVID-19 កាន់តែអាក្រក់ឡើង... មនុស្សកាន់តែច្រើនអាចនឹងស្លាប់ ប្រសិនបើរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តរារាំងការផ្ទេរអំណាច»

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក ម៉ូឌែណា (Moderna) ថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសពីលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួននៅដំណាក់ទី ៣ ដោយអះអាងថា «វាមានប្រសិទ្ធភាពរហូតដល់ ៩៤.៥%»។ ដំណឹងល្អនេះ ត្រូវបានប្រកាសឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្សឺ (Pfizer) សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ បាយអូអិនធិច (BioNTech) បានប្រកាសអំពីជោគជ័យ និងប្រសិទ្ធភាពជាង ៩០% នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួន កាលពីដើមសប្តាហ៍កន្លងទៅនេះ៕