(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន១,៧៣៨ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួន ករណីឆ្លងសរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៤០៩,៥៧៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន ចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅទូទាំងប្រទេស ក៏បានកើនឡើងដល់ ៧,៨៣៩នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ០៧នាក់ បន្ថែមទៀតបានស្លាប់ ខណៈអ្នកជំងឺ ៤៥នាក់ផ្សេងទៀតបានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបបានកើនឡើង ដល់ ៣៧៤,៣៦៦នាក់។ រហូតមកទល់ពេលនេះ អាជ្ញាធរបានធ្វើតេស្តរក COVID-19 លើមនុស្សជាង ៤.៩៣លាននាក់នៅក្នុងប្រទេសហ្វីលីពីន ដែលមានប្រជាជនជាង ១១០លាននាក់។

តែទោះជាយ៉ាងនេះក្ដី ក្រសួងសុខាភិបាលហ្វីលីពីន បានអះអាងថា អត្រាឆ្លង COVID-19 ក្នុងពេលបច្ចុប្បន្ន ក្នុងប្រទេសហ្វីលីពីន នៅតែទាបជាងកាលពីប៉ុន្មានសប្តាហ៍មុន ដែលមានន័យថា អត្រាឆ្លងក្នុងប្រទេសនេះបានថយចុះជាបណ្ដើរៗ ស្របពេលអាជ្ញាធរសុខាភិបាល បន្តជំរុញឱ្យប្រជាជនហ្វីលីពីនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តបទដ្ឋានសុខភាពឱ្យបានខ្ជាប់ខ្ជួនដដែល ដោយបន្តការពាក់ម៉ាស់ ក៏ដូចជាការលាងសម្អាតដៃឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាពទាំងអស់គ្នា ផងដែរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 នេះ៕