(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងដាក់ចេញនូវគោលនយោបាយដាក់សម្ពាធបន្ថែម ទៅលើប្រទេសចិន មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ចូលកាន់តំណែងផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងពង្រីកការដាក់ទណ្ឌកម្ម ឬការរឹតត្បិតនានាលើក្រុមហ៊ុនចិន, អង្គភាពរដ្ឋាភិបាល ព្រមទាំងមន្ត្រីចិនផ្សេងទៀត ក្រោមការចោទប្រកាន់ថា បានបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ព្រមទាំងទីក្រុងហុងកុងផងដែរ។ ទន្ទឹមគ្នានេះ ក្រុមមន្ត្រីអាមេរិកក៏បានបញ្ជាក់ដែរថា មិនមានគោលនយោបាយថ្មីណាមួយ ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ ឬស្ថានកុងស៊ុលចិនប្រចាំសហរដ្ឋអាមេរិកនោះឡើយ។

ការពង្រីកទណ្ឌកម្មខាងលើនេះរួមមាន ការបន្ថែមឈ្មោះក្រុមហ៊ុនចិន ដែលក្រសួងការពារជាតិអាមេរិកជឿជាក់ថា មានជាប់ពាក់ព័ន្ធទៅនឹងយោធាចិន។ កាលពីពេលថ្មីៗនេះលោក ត្រាំ ក៏បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីហាមឃាត់ការទិញ ឬលក់មូលប័ត្រដែលជាប់ទាក់ទងទៅនឹងយោធាចិនផងដែរ ដោយវានឹងត្រូវចូលជាធរមានចាប់ផ្តើមថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១តទៅ។

នៅជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មចិន បានធ្វើសេចក្តីអត្ថាធិប្បាយនៅថ្ងៃចន្ទនេះយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការគាប់សង្កត់ ដោយមិនសមហេតុផល ចំពោះក្រុមហ៊ុនចិនតទៅទៀត។ កន្លងមក រដ្ឋភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់បញ្ចូលឈ្មោះក្រុមហ៊ុនចិនចំនួន ២៤ ក្រោមការចោទប្រកាន់ថា ពួកគេបានជួយរដ្ឋាភិបាលចិន សាងសង់កោះសិប្បនិមិត្ត នៅតំបន់សមុទ្រចិនខាងត្បូង៕