(អាមេនី)៖ ទីភ្នាក់ងារសន្តិសុខជាតិ (NSS) នៃប្រទេសអាមេនី ទើបតែប្រកាសឲ្យដឹងថា ការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan ដោយអតីតមន្រ្តីមួយក្រុម ត្រូវទប់ស្កាត់បានសម្រេច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃ អាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារ NSS បានប្រាប់ថា បុគ្គលមួយចំនួនត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងអតីតទីភ្នាក់ងារនេះផ្ទាល់ផងដែរ បន្ទាប់ពីជនទាំងនោះ បានព្យាយាមដណ្តើមអំណាច តាមរយៈការប៉ងធ្វើឃាតនាយករដ្ឋមន្រ្តីលោក Pashinyan។ ចាប់តាំងតែពីថ្ងៃអង្គារសប្តាហ៍នេះមក លោក Pashinyan បានប្រឈមនឹងការដាក់សម្ពាធពីក្រុមអ្នកតវ៉ា ដែលទាមទារឲ្យលោកចុះចេញពីតំណែង ជុំវិញការចុះកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ជម្លោះ Nagorno-Karabakh ដែលលម្អៀងទៅរកប្រទេសអាហ្សែបៃហ្សង់។

ជុំវិញការចុះកិច្ចព្រមព្រៀងនោះ លោក Pashinyan បាននិយាយថា លោកពុំមានជម្រើសអ្វីផ្សេងឡើយ ដើម្បីបង្ការកុំឲ្យបាត់បង់ទឹកដីតទៀត ។ លោកនាយករដ្ឋមន្រ្តីអាមេនីបានបញ្ជាក់ថា លោកនឹងទទួលខុសត្រូវដោយផ្ទាល់ ចំពោះផលវិបាកដែលបង្កឡើងពីកិច្ចព្រមព្រៀង ក៏ប៉ុន្តែបានបដិសេធចំពោះការទាមទារឲ្យលាលែងពីតំណែង។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើដែលសម្រេចបានក្រោមការជួយសម្របសម្រួលពីរុស្ស៉ី បានផ្អាកនូវសកម្មភាពយោធានានា នៅក្នុងនិងជុំវិញតំបន់ Nagorno-Karabakh ក្រោយការប្រយុទ្ធគ្នាអស់ជាច្រើនសប្តាហ៍រវាងអាមេនីនិងអាហ្សែបៃហ្សង់។ តំបន់នេះ បើជាលក្ខណៈអន្តរជាតិគឺត្រូវបានទទួលស្គាល់ជា ផ្នែកនៃប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែពោរពេញទៅដោយជនជាតិអាមេនីរស់នៅ។ នៅក្រោមកិច្ចព្រមព្រៀងដដែលនេះ កងរក្សាសន្តិភាពរុស្ស៉ីចំនួន២,០០០នាក់ ត្រូវដាក់ពង្រាយនៅតំបន់នោះ ហើយទឹកដីមួយផ្នែកធំនៃតំបន់ Nagorno-Karabakh គឺត្រូវប្រគល់ឲ្យមកខាងអាហ្សែបៃហ្សង់៕