(វ៉ាស៊ីនតោន)៖ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់ណាស់នោះគឺមនុស្សសរុបរហូតដល់ ១៥៧,០៨១នាក់ទៀតបានឆ្លងជំងឺនេះ ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ខណៈអ្នកស្លាប់វិញមានចំនួន ១២៦០នាក់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ពីគេហទំព័រ worldometer នាព្រឹកថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យថ្មីៗបន្ថែមទៀត នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ១១,២២៦,០៣៨ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៥១,២៥៦នាក់។ ពីដំបូងឡើយក្រុមអ្នកព្យាករណ៍បានលើកឡើងថា ឥណ្ឌាអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក នៅក្នុងចំនួនករណីឆ្លង COVID-19 ប៉ុន្តែស្ថានការណ៍បានដើរបញ្ច្រាសពីការព្យាករណ៍វិញ ដោយអត្រាឆ្លងប្រចាំថ្ងៃនៅឥណ្ឌា បានធ្លាក់មកនៅកម្រិតទាប ខណៈសហរដ្ឋអាមេរិកវិញ បែរជាកើនឡើងកាន់តែខ្ពស់បន្ថែមទៀត៕