(អូតតាវ៉ា)៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោក ហ្វ្រង់ស្វ័រ ហ្វីលីព សាំប៉ាញ (Francois-Philippe Champagne) បាននិយាយថា ជ័យជម្នះរបស់លោកប្រធានាធិបតីអាមេរិកជាប់ឆ្នោត ចូ បៃដិន «គឺជាដំណឹងល្អ» សម្រាប់កាណាដា ដោយប្រទេសជាប់របងអាមេរិកមួយនេះរំពឹងថា នឹងមានការផ្ទេរអំណាចដោយរលូន ខណៈលោក ដូណាល់ ត្រាំ បានប្រកាសបដិសេធ និងសន្យាតវ៉ាជំទាស់លទ្ធផលបោះឆ្នោត តាមផ្លូវតុលាការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CTV កាលពីថ្ងៃអាទិត្យ (ពេលវេលានៅកាណាដា) ស្ដីពីជ័យជម្នះរបស់លោក បៃដិន លោក Champagne បានលើកឡើងដូច្នេះថា «នេះគឺជាដំណឹងល្អ ហើយយើងនឹងធ្វើការងារយ៉ាងល្អប្រសើរ ជាមួយរដ្ឋបាលអាមេរិកថ្មី... យើងក៏សង្ឃឹមដែរថា នឹងមានការផ្ទេរអំណាចដោយរលូន»។ កាលពីថ្ងៃសៅរ៍កន្លងទៅ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ក៏បានស្ថិតនៅក្នុងចំណោមមេដឹកនាំពិភពលោកជាច្រើនរូប ដែលបានផ្ញើសារអបអរសាទរចំពោះលោក ចូ បៃដិន ផងដែរ។

លោក ដូណាល់ ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ឡើយ ហើយថែមទាំងសន្យាតវ៉ាតាមផ្លូវតុលាការ ជំទាស់នឹងលទ្ធផលបោះឆ្នោតទៀតផង។ បើតាមលទ្ធផលបោះឆ្នោត ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក បៃដិន ទទួលបានអង្គបោះឆ្នោត ២៩០រូប រីឯលោក ដូណាល់ ត្រាំ ទទួលបាន ២១៤រូប ខណៈរដ្ឋ ចរជា (Georgia) និងរដ្ឋ អាឡាស្កា (Alaska) កំពុងបន្តរាប់សន្លឹកឆ្នោតនៅឡើយ។ ម្យ៉ាងវិញទៀត រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ទើបគេអាចដឹងថា នរណានឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកពិតប្រាកដ ដោយរង់ចាំអង្គបោះឆ្នោតទាំង ៥៣៨រូប បោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតដោយផ្ទាល់៕