(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា លោកកំពុងជាប់ដៃលេងវាយកូនហ្គោល នៅពេលដែលលទ្ធផលបោះឆ្នោតកាលពី ថ្ងៃសៅរ៍ បង្ហាញថាលោក ចូ បៃដិន គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាម CNN លោក ដូណាល់ ត្រាំ បានលេងវាយកូនហ្គោល នៅឯទីលានវាយកូនហ្គោល Trump National Golf Club ក្នុងរដ្ឋ Virginia នៅពេលលទ្ធផលបោះឆ្នោត បង្ហាញថាលោកបានចាញ់ លោក បៃដិន។ លោក ត្រាំ ក៏បានបង្ហោះរូបថតចេញពីទីលានវាយកូនហ្គោលនេះដែរ តែមិនបានសរសេរអ្វីឡើយ ខណៈអ្នកគាំទ្ររបស់លោក កំពុងតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោត ហើយក្រោយមកទៀត ទើបលោកប្រកាសមិនទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ដោយសន្យាថានឹងតវ៉ាជំទាស់លទ្ធផល បោះឆ្នោតតាមផ្លូវតុលាការជាបន្ត។

គួរជម្រាបថា បច្ចុប្បន្ន លោក ចូ ដៃដិន បានទទួលអង្គបោះឆ្នោត ឬអ្នកបោះឆ្នោត២៩០ រីឯលោក ដូណាល់ ត្រាំ ទទួលបានត្រឹមតែ២១៤ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បើសិនជាឈ្នះនៅក្នុងរដ្ឋ Georgia (មានអង្គបោះឆ្នោត១៦) ជាទីដែលលោក បៃដិន កំពុងនាំមុខស្រាប់ នោះលោកនឹងទទួលបានអង្គបោះឆ្នោត៣០៦ ឯណោះ ដែលនេះលើសពីគ្រប់គ្រាន់ឱ្យលោក បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៦៕