(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន (Joe Biden) គិតត្រឹមយប់ថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន) នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋនៅរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) ខណៈរដ្ឋដែលលោក បៃដិន កំពុងនាំមុខលោក ត្រាំ ពេលនេះមានចំនួន 0៣ គឺ Pennsylvania, ចរជា (Georgia) និងណេវ៉ាដា (Nevada)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន FOX NEWS នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ (ពេលវេលានៅភ្នំពេញ)។

បើតាម Fox News លោក Joe Biden កំពុងនាំមុខលោក ត្រាំ ជាង ២០,០០០សំឡេងឯណោះនៅក្នុងរដ្ឋ Pennsylvania។ ដោយសំឡេងនាំមុខរបស់លោក បៃដិន លើលោក ត្រាំ នៅក្នុងរដ្ឋ Georgia ក៏បានកើនឡើងផងដែរ គឺប្រមាណ ៤,០០០សំឡេង។ រដ្ឋទាំងពីរនេះសុទ្ធតែជារដ្ឋសំខាន់ៗ ដែលអាចសម្រេចជោគវាសនា អនាគតប្រធានាធិបតីអាមេរិកទី ៤៦។

ប្រសិនបើលោក Biden នៅតែអាចរក្សាការនាំមុខរបស់លោក នៅក្នុងរដ្ឋ Pennsylvania ដែលមានអង្គបោះឆ្នោតចំនួន ២០រូបនេះ នោះលោកពិតអាចបង្កើនសំឡេង ដើម្បីអាចក្លាយជាប្រជាធានាធិបតីអាមេរិក អាណត្តិថ្មីបាន ត្បិតថានៅពេលនេះបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យរូបនេះ កំពុងមានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាងនៅក្នុងដៃសរុប ២៦៤រូបរួចស្រេចទៅហើយ ខណៈចំនួនអង្គបោះឆ្នោតសរុប ដើម្បីជាប់ឆ្នោតប្រធានាធិបតីគឺ ២៧០រូប៕

គួរជម្រាបថា រហូតមកទល់ពេល បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំពុងនាំមុខ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង ២៦៤រូប ទល់នឹង ២១៤រូប។ នៅក្នុងរដ្ឋទាំងបីដែលលោក បៃដិន កំពុងនាំមុខដូចជា Nevada, Pennsylvania និង Georgia ទោះបីជាលោកឈ្នះលោក ត្រាំ ក្នុងរដ្ឋមួយណាមុនក៏ដោយ ក៏អាចបង្គ្រប់សំឡេង ដើម្បីឈ្នះក្លាយជាប្រធានាធិបតីអាមេរិកដែរ៕