(ដាណឺម៉ាក)៖ សភាដាណឺម៉ាក នៅថ្ងៃអង្គារ ទី ០៣ ខែវិច្ឆិកានេះ បានរាយការណ៍ឲ្យដឹងថា ខ្លួនបានផ្អាកការបោះឆ្នោត និងការប្រជុំផ្សេងៗទៀត បន្ទាប់ពីសមាជិកសភាជាច្រើនរូប បានតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 ខណៈរដ្ឋមន្រ្តី ០៦រូបទៀត បានដាក់ខ្លួនឲ្យដាច់ឆ្ងាយពីគេ ដើម្បីរង់ចាំលទ្ធផលតេស្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសាព័ត៌មាន Reuters។

សមាជិកសភា ០៥រូប រួមទាំងមេដឹកនាំគណបក្សអភិរក្សនិយម លោក Surin Pape Poulsen និងលោក Lars Christian Lillehult ដែលជាអតីតរដ្ឋមន្រ្តីក្រសួងថាមពល បានប្រកាសនៅសប្តាហ៍នេះថា ពួកគេបានឆ្លងជំងឺ COVID-19។

លើសពីនេះ បើយោងតាមទីភ្នាក់ងារព័ត៌មាន Ritzau បានឲ្យដឹងថា មានរដ្ឋមន្រ្តី ០៦រូប រួមទាំងរដ្ឋមន្រ្តីក្រសួងយុត្តិធម៍ លោក Nick Haekkerup និងសមាជិកសភាយ៉ាងតិច ០៤នាក់ទៀត បានដាក់ខ្លួនឲ្យនៅដាច់ពីគេ និងកំពុងរង់ចាំលទ្ធផលតេស្ត ក្រោយបានប៉ះពាល់ជាមួយអ្នកជំងឺ។

នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកស្រីបានចូលរួមនៅក្នុងកិច្ចប្រជុំជាមួយលោក Haekkerup កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយជាលទ្ធផលសម័យប្រជុំ Q&A ដែលគ្រោងនឹងធ្វើនៅសភា នៅថ្ងៃអង្គារនេះត្រូវបានពន្យារពេល។

គួរជម្រាបថា បើយោងតាមគេហទំព័រ worldmeter បច្ចុប្បន្នប្រទេសដាណឺម៉ាក បានកត់ត្រាករណីឆ្លង COVID-19 សរុប ៤៨,២៤១ករណី ក្នុងនោះស្លាប់ ៧២៤នាក់ និងជាសះស្បើយ ៣៥,៤១១នាក់៕